ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដែលទទួលបាន សិទ្ធិក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំង

    BY Khmernote Media May 18, 2022
    សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនដែលទទួលបាន សិទ្ធិក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង អំពីការយឺតយ៉ាវក្នុងការសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅប្រទេសកម្ពុជា ចំពោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ហើយព្រមានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុននោះ ដោយសម្តេចបានញ្ជាក់ថា បើមិនធ្វើទេ នឹងត្រូវដកទៅឱ្យក្រុមហ៊ុនផ្សេង ដែលមានសមត្ថភាពធ្វើ ឬក្រសួងសុខាភិបាលជាអ្នកធ្វើផ្ទាល់តែម្ដង ពីព្រោះរោងចក្រផលិតវ៉ាក់សាំងនេះ ចាំបាច់ណាស់ដែលត្រូវតែធ្វើសាងសង់ឱ្យបានឆាប់រហ័ស។

    ក្នុងពីធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ចំនួនប្រមាណជិត ២ ០០០ នាក់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលសន្និសីទ ជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ត្រូវខិតខំជំរុញក្រុមហ៊ុនណា ដែលទទួលបានសិទ្ធិសាងសង់រោងចក្រផលិតវ៉ាក់សាំង ព្រោះខាងភាគីចិន បានតឿនយើងត្រឡប់មកវិញថា ហេតុអ្វីបានជាយូរខាងកម្ពុជា ឆ្លើយមិនឆ្លើយ មើលវិស័យឯកជនរបស់កម្ពុជា ដែលទទួលបានសិទ្ធិ ធ្វើឬមិនធ្វើ បើមិនធ្វើដកឱ្យអ្នកដែលធ្វើ អត់មានទុកអីចឹងទេ»។

    សម្ដេចតេជោបន្តថា «ខាងចិនបានលើកមកវិញថាខ្មែរយឺត។ ឥឡូវបើមិនធ្វើទេ ដកយកអាជ្ញាប័ណ្ណឱ្យទៅក្រុមហ៊ុនណាហ៊ានធ្វើ អត់មានឱ្យក្រុមហ៊ុនមួយ មកវ៉ាងទីបានទេ ខ្ញុំទុកឱ្យអ្នកឯងរយៈពេលប៉ុន្មាន ខ្ញុំត្រូវការមានរោងចក្រមួយផលិតវ៉ាក់សាំង អញ្ចឹងឱ្យទៅពីណាកន្លងទៅនេះ សួរមើលឆ្លើយយ៉ាងម៉េច ខុសគ្នាយ៉ាងម៉េច ហ៊ុន សែន និយាយដាច់ខាត គឺថាអត់មានលើកលេងទេអាកន្លែងហ្នឹង ពីព្រោះខ្ញុំត្រូវតែមានទុនមានប្រដាប់នៅក្នុងដៃ។ ឥឡូវភាគីចិនថា យើងអត់ឆ្លើយ អត់មានយកអាជ្ញាប័ណ្ណមកទុកទេ ហើយត្រូវតែរាយការណ៍ឱ្យខ្ញុំគ្រប់ពេល។ ឥឡូវខ្ញុំសុំថា មួយអាទិត្យរាយការណ៍ឱ្យខ្ញុំម្ដង អំពី វឌ្ឍនភាពនៃការសាងសង់រោងចក្រវ៉ាក់សាំង»។

    សម្ដេចនាយករដ្ឋមន្ត្រីថ្លែងទៀតថា តើបញ្ហានេះនៅខុសគ្នារឿងអី មានបញ្ហាអី ហេតុអី ក៏មិនរាយការណ៍ទៅឱ្យក្រសួងសុខាភិបាល ហើយក្រសួងសុខាភិបាលខ្លួនឯងកុំយឺតពេក។ ឥឡូវបើមិនកើតទេ ដកហូតយកមកក្រសួងសុខាភិបាលជាអ្នកធ្វើ។ ចំពោះទុនមានអត់បញ្ហា សម្ដេចដកចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យរដ្ឋផលិតតែម្ដង ដៃគូជាមួយចិន បើវិស័យឯកជនវាពិបាកពេក ដកអាជ្ញាប័ណ្ណចេញមក ហើយរដ្ឋចេញមុខធ្វើតែម្ដងទៅក្នុងការផលិតវ៉ាក់សាំងនេះ។ សម្តេចតេជោមានប្រសាសន៍បន្ថែមថា ពិតមែនតែវ៉ាក់សាំងនៅមាន ប៉ុន្តែយើងដាក់ជាសំណួរថា តើពេលណាកូវីដវាត្រូវអស់។

    សម្តេចតេជោបានថ្លែងបន្ថែមថា រោងចក្រនេះថ្ងៃក្រោយអាចផលិតវ៉ាក់សាំងផ្សេងៗទៀត ដែលអាចការពារជំងឺនេះជំងឺនោះ ដែលបញ្ហានេះ ត្រូវតែជាក់លាក់ ទាក់ទងទៅនឹងកិច្ចការអាយុជីវិតនិងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

    គួរបញ្ជាក់ដែរថា មកទល់នេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥២ ៨៣៥ ៣៩១ ដូស ក្នុងនោះ មាន២៨,៥លានដូស កម្ពុជាបញ្ជាទិញពីបរទេស។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងចំណោមវ៉ាក់សាំងទាំងជាង ៥២,៨លានដូស គឺមាន ៤២ ៨៧១ ៥៣៦ ដូស រាជរដ្ឋាភិបាលផ្តល់ឱ្យពលរដ្ឋទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បានជាង១៥លាននាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: