កម្ពុជាមិនទាន់មានករណីជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីនៅឡើយទេ ខណៈជំងឺនេះបានរកឃើញនៅតាមបណ្តាប្រទេសចំនួន២០នៅលើ សកលលោកហើយ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិ បាល បានឱ្យដឹងថា រហូតមក ដល់ពេលនេះ កម្ពុជាមិនទាន់មានករណីជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីនៅឡើយទេ ខណៈជំងឺនេះបានរកឃើញនៅតាមបណ្តាប្រទេសចំនួន២០នៅលើសកលលោក ដែលជាក្តីបារម្ភចំពោះសុខភាពសាធារណៈ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិ បាលបានឱ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ នៅតាមបណ្តាប្រទេស ចំនួន ២០នៅលើសាកលលោក បានរកឃើញនូវជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មី ប៉ុន្តែជំងឺនេះ អ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញមូលហេតុដែលបង្កនាំកើតជំងឺនេះនៅឡើយទេ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាជំងឺអាថ៌កំបាំង។ លោកជំទាវបន្ថែមថា ជំងឺនេះត្រូវបានរកឃើញមានករណីចំនួនជាង២០០ករណី ដោយក្នុងនោះមាន១៤០ករណីនៅអឺរ៉ុប ដែលភាគច្រើនគឺចក្រ ភពអង់គ្លេស (១១០ករណី) នឹងបន្តរកឃើញទៀតនៅក្នុងប្រទេសអ៊ីស្រាអែល និងសហ រដ្ឋអាមេរិក ហើយក្នុង ចំណោមកុមារប្រហែល ១០ ភាគរយបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយចាំបាច់ត្រូវផ្សាំថ្លើម។
លោកជំទាវបន្តថា ជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មីនេះ បានរកឃើញទៅលើកុមារដែលមាន អាយុចាប់ ពី១ឆ្នាំដល់១៨ឆ្នាំ ប៉ុន្តែភាគច្រើននៃអ្នកជំងឺគឺក្រោមអាយុ១០ឆ្នាំ។ ដោយឡែក បើតាមអ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា ជំងឺជំងឺរលាកថ្លើមស្រួចស្រាវប្រភេទថ្មី គឺមិនមានទំនាក់ ទំនងជាមួយជំងឺរលាកថ្លើមទូទៅនោះទេ។ លោកជំទាវបញ្ជាក់ថា សម្រាប់កម្ពុជា រហូតមកដល់ពេលនេះ មិន ទាន់មានរកឃើញនូវវត្ថុសំណាក ឬករណីណាមួយដែលបង្ហាញថា មានពាក់ព័ន្ធទៅនឹងករណីជំងឺអាថ៌កំបាំងនេះនៅឡើយទេ។ ដូចនេះ ក្រសួងជំនាញនៃមន្ទីរសុខាភិបាលទូទាំងប្រទេស បានដាក់ចេញនូវយន្តការ តាមដានអ្នកជំងឺដែលចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យ និង ពង្រឹងនូវការធ្វើសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីត្រៀម លក្ខណៈនៅក្នុងការវិភាគឱ្យបានម៉ត់ចត់បន្ថែមទៀត នៅករណីសង្ស័យណាមួយ ធ្វើ ការវិភាគនេះឱ្យបានទាន់ពេលវេលា ។
« ក្រៅពីការដាក់ ចេញនូវការធ្វើការតាមដានក៏ដូចជាពង្រឹងនូវសមត្ថភាពមន្ទីរពិសោធន៍នេះ ហើយយើងក៏មិនត្រូវភ្លេចថា ការចូលរួមរបស់បុគ្គល ក្រុមគ្រួសារជាពិសេសអាណាព្យាបាលគឺសំខាន់ណាស់ ខណៈអង្គការសុខភាពពិភពលោក បានចេញនូវការណែនាំទៅដល់បណ្ដាប្រទេសដែលបានរាយការណ៍នូវករណីឈឺ ចំនួន២០ប្រទេសនេះ ដែលមានជាង ២២៨ករណីនេះ គឺសុំឱ្យឪពុកម្តាយ អាណាព្យាបាលរបស់កុមារាកុមារីរបស់យើងនេះកូនចៅរបស់ខ្លួនសូមឱ្យយកចិត្តទុកដាក់ ថែទាំកូនចៅឱ្យបានម៉ត់ចត់ ហើយជាពិសេសគឺត្រូវចេះបង្រៀនកូនចៅរបស់យើងឱ្យចេះរក្សាអនាម័យឱ្យបានល្អត្រឹមត្រូវ ព្រោះអ្នកវិទ្យាសាស្ត្រនឹងធ្វើការស្រាវជ្រាវបន្តទៀតថា ការឆ្លងនេះវាអាចបណ្តាលមកពីបរិស្ថានឬបណ្ដាលមកពីការពុលចំណីអាហារ ឬសារធាតុពុលអ្វីផ្សេងៗទៀត ដែលបង្កឡើងនៅក្នុងបរិស្ថានរបស់យើង »។
លោកជំទាវបញ្ជាក់ទៀតថា ជំងឺរលាកថ្លើម ជាធម្មតាបង្ក ឡើងដោយមេរោគរលាកថ្លើមមួយក្នុងចំណោមមេរោគឆ្លងជាច្រើន ប៉ុន្តែជំងឺថ្មីនេះវាមិនត្រូវបានរកឃើញចំពោះកុមារដែលរងផលប៉ះពាល់នោះទេ។ ជំងឺរលាកថ្លើមអាថ៌កំបាំង បានកើតទៅលើកុមារទៅវិញ និងមានរោគសញ្ញា ដូចជា រាគរូស ឈឺពោះនិងមានពណ៌លឿងលើភ្នែកនិងស្បែកជាដើម៕
