ដើមឈើបុស្សនាគ បាក់រលំឈើសង្កត់រថយន្តចំនួន ០៣គ្រឿង ខូចខាតយ៉ាងដំណំ នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ ទឹកជ្រោះភ្នំគូលែន
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ងន់ )រួមមាន៖
១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ(ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ
២. រថយន្ដ Ford Ranger ពណ៌ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង
ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។
៣. រថយន្ដ Toyota Vigo ពណ៌ខ្មៅ ស្លាកលេខ (សៀមរាប2C-3176) ខូចខាតផ្នែកខាងមុខ
ម្ចាស់រថយន្ដឈ្មោះ អ៊ុន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ដសៀមរាប។
សមត្ថកិច្ចបានបន្តបញ្ជាក់ថា បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនកំពុងកាត់ឈើដើម្បីយករថយន្ដចេញ និងខាងក្រុមហ៊ុនបានហៅម្ចាស់រថយន្តទាំង០៣គ្រឿង ទៅដោះស្រាយនៅកន្លែងលក់សំបុត្រខាងក្រោម ៕






ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police