មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្មណែនាំមន្ត្រីជលផល ត្រូវលើកផ្លាកសញ្ញាដាក់នៅតាមទីសាធារណៈ រាយឈ្មោះឧបករណ៍នេសាទដែលអាចប្រើបាន និងមិនអាចប្រើបានក្នុងរដូវបិទ នេសាទនេះ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបបានណែនាំដល់មន្ត្រីជលផល ត្រូវសហការគ្នាលើកផ្លាកសញ្ញាដាក់នៅតាមទីសាធារណៈ ទីប្រជុំជនដោយរាយឈ្មោះឧបករណ៍នេសាទដែលអាចប្រើបាន និងមិនអាចប្រើបានក្នុងរដូវបិទការនេសាទ ដើម្បីឱ្យប្រជានេសាទបានយល់ដឹងកាន់តែច្បាស់ចៀសវាងការប្រព្រឹត្តបទល្មើសក្នុងរដូវបិទនេសាទនេះ។

ការណែនាំរបស់ឯកឧត្ដមរដ្ឋលេខាធិការនេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភដល់កងកម្លាំអន្តរាគមន៍ថ្នាក់ជាតិប្រចាំការនៅទីបញ្ជាការកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃបឹងទន្លេសាប ដែលស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
ឯកឧត្តម ណៅ ធួក បានមានប្រសាសន៍ថា ចាប់តាំងពីពេលដែលប្រមុខរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប មានរយៈពេល ១ខែកន្លងមកនេះ ឃើញថាបទល្មើសនេសាទមានការថយចុះជាលំដាប់ ពោលគឺមានតែ ១១ករណី និងប្រជានេសាទបានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ចំនួន ៤៩គ្រឿង និងសម្ភារមួយចំនួនទៀតផងដែរ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ក្នុងរដូវបិទនេសាទរយៈពេល ៤ខែ ដែលនឹងមកដល់ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ដំណាច់ខែកញ្ញា ដែលជារដូវមច្ឆាជាតិពងកូន ការនេសាទគ្រប់ប្រភេទមិនអនុញ្ញាតឱ្យធ្វើការនេសាទឡើយ។
ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា ក្នុងរដូវមច្ឆាជាតិពងកូននេះ ការនេសាទគ្រប់ប្រភេទត្រូវបានហាមឃាត់ ប៉ុន្ដែលើកលែងតែការនេសាទជាលក្ខណៈគ្រួសារ ការប្រើប្រាស់ឧបករណ៍តាមការកំណត់ដូចជា សន្ទូច ទ្រូ សំណាញ់ ឆ្នុក លប សាច់មងមានក្រឡា១ហ៊ុនកន្លះឡើងទៅ។ល។
បើតាមរបាយការណ៍របស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា សកម្មភាពការងារជលផលគិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បង្ក្រាបបទល្មើសជលផលចំនួន ៣៤ករណី ក្នុងនោះ រួមមាន៖
-ករណីនេសាទ និងដករក្សាទុកឧបករណ៍អួនអូសទឹកសាបចំនួន ២០ករណី។
-អាំងវ៉ិចទ័រឆក់ត្រីចំនួន ៧គ្រឿង។
-ឧបករណ៍នេសាទបង្កើតថ្មី(ប)ចំនួន ៤ករណី។
-ដាក់សម្រាស់ធ្វើឱ្យត្រីកុមចំនួន ១ករណី និងឧបករណ៍ស្បៃមុងចំនួន ២ករណី។ ជនល្មើសត្រូវជាប់ពន្ធធនាគារចំនួន ៤នាក់ និងមានដីកាឱ្យចូលខ្លួនពីតុលាការចំនួន ១១នាក់។
លោកបានបន្ដថា ចំពោះវត្ថុតាងចាប់ឃាត់ រួមមាន អួនអូសទឹកសាបចំនួន ២០គ្រឿង, អួនហ៊ុំចំនួន ៨វង់ ម៉ាញ់ចំនួន ៣វង់, ឈិបយន្តចំនួន ២គ្រឿង, អាំងវ៉ិចទ័រឆក់ត្រីចំនួន ១២គ្រឿង, កាណូតសរុបចំនួន ៤៨គ្រឿង (សំបកស្មាច់ចំនួន ២៨គ្រឿង ក្នុងនោះមានម៉ាស៊ីន ១១គ្រឿង និងសំបកឈើ ចំនួន ២០គ្រឿង មានម៉ាស៊ីន ៥គ្រឿង), អាគុយ៤០អំពែរចំនួន ១៣គ្រឿង, ខ្សែភ្លើងឆក់ប្រវែង ៧០ម៉ែត្រ និងដងឆក់ឬស្សីចំនួន ១១គូ។
ជាមួយគ្នានេះ សម្រាប់វត្ថុតាងបានបំផ្លាញចោល រួមមាន ឧបករណ៍បង្កើតថ្មី(ប)ចំនួន ២១គ្រឿង, របាំងសាច់អួនប្រវែង ៤៥០០ម, ចម្រឹងចំនួន៣,៧៦០ដើម, ស្បៃមុងចំនួន ១៦គ្រឿង, របាំងស្បៃមុងប្រវែង ៩៥០ម និងព្រលែងត្រីចម្រុះទម្ងន់ ៧៥គក្រ៕





ប្រភព៖ ក្រសួងព័ត៌មាន