ព័ត៌មានជាតិ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រ​កាស​អំពី​ការ​ដង្ហែ​ពាន​រង្វាន់​បាល់​ទាត់​ពិ​ភព​លោក “FIFA World Cup Trophy Tour” នឹងមក​កាន់​ប្រ​ទេស​កម្ពុជា នាថ្ងៃទី១៥ ខែមិថុនាខាងមុខ

BY
Khmernote Media
May 27, 2022

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ប្រកាស​អំពី​ការ​ដង្ហែ​ពានរង្វាន់​បាល់​ទាត់​ពិភពលោក FIFA World Cup Trophy Tour មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ​ហើយ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល។​

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជានៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ​បាន​បញ្ជាក់​ថា ពានរង្វាន់​បាល់ទាត់​ពិភពលោក​ “FIFA World Cup Trophy Tour” ​នឹងមកដល់​រាជធានី​ភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាតាម​ជើង​ហោះហើរ​ឯកជន​ពិសេស “Private jet” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ។​

តាមរយៈ​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចាត់​ទុក​នេះ គឺជា​មោទនភាព​ជាតិ​ដ៏​វិសេសវិសាល ដែល​កម្ពុជា​បាន​ទទួល​ព្រឹត្តិការណ៍​នៃ​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​លើក​ទី​១ មកដល់កម្ពុជា ដើម្បី​អបអរសាទរ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក​នា​ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខនៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា។​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់​ថា កម្មវិធី​សំខាន់ៗ​អំឡុងពេល​ពានរង្វាន់​បាល់ទាត់​ពិភពលោក​មក​ដល់​ព្រះរាជាណាចក្រកម្ពុ​ជារួមមាន៖

១- ​ក្បួន​ដង្ហែ​ពាន​រង្វាន់​ពី​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញមកកាន់​វិមាន​សន្ដិភាព

២- ​ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវិមានសន្តិភាព។

៣- ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡានដ្ឋានជាតិមរតកតេជោ​ចាប់ពី​ម៉ោង ១​រសៀលរហូត​ដល់​ម៉ោង ១០​យប់​អម​ជាមួយ​តន្ដ្រីសម័យ​កំដរ​ទៀត​ផង។​ ​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​យុវជន​-​យុវនារី និង​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ចូលរួម​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករដើម្បី​អបអរសាទរ និង​បង្ហាញ​នូវ​មោទនភាព​ជាតិចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​ថ្មី​មួយទៀត ​សម្រាប់​ប្រទេស​កម្ពុជា​នេះ៕

Share This Post: