រយៈពេល៥ខែដំបូងនៃឆ្នាំ២០២២នេះ កំណើនយានយន្តអគ្គិសនីនៅកម្ពុជា កើនឡើងជាង៨០០%
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា
កាលពីម្សិលមិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយ មានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

កម្មវិធីMPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង ផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងជាមួយបងប្អូនប្រជាពលរដ្ឋ និងឆ្លើយតបរាល់ចម្ងល់នានារបស់សាធារណជនពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាសំណួរជាច្រើន ដែលបានចូលរួមពីសាធារណជន។ នៅក្នុងសំណួរ បានលើកឡើងថា៖
៤ខែដើមឆ្នាំ២០២២នេះ ការនាំចូលរថយន្តអគ្គិសនី មានចំនួនប៉ុន្មានគ្រឿង? កើនឡើងប៉ុន្មានភាគរយ? តាមចម្លើយរបស់ក្រសួងសាធារណការ បានឲ្យដឹងថា ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនសរុបចំនួន ៦៦គ្រឿង ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណជាង៦០០%។ ក្រសួងបាន សហការជាមួយអង្គការUNDP និងវិស័យឯកជនក្នុងការដាក់ឱ្យដំណើរការទីតាំងសាកយានយន្តអគ្គិសនី មួយចំនួនក្នុងនោះរួមមាន៖ ០៤ទីតាំងត្រូវបានគាំទ្រដោយអង្គការUNDP និង០១ ត្រូវបានគាំទ្រដោយ សភាពាណិជ្ជកម្មចិននៅកម្ពុជា។
ក្រសួងក៏កំពុងសហការជាមួយអង្គការUNDPផងដែរ ក្នុងការសិក្សា និងចងក្រងផែនទីចង្អុលផ្លូវស្តីពីហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលនឹងកំណត់ អំពីទីតាំងជាក់លាក់ លក្ខខណ្ឌនៃការរៀបចំស្ថានីយបញ្ចូលថាមពល ដើម្បីស្វែងរកដៃគូវិនិយោគ និងពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលទូទាំងប្រទេសកម្ពុជា។
ក្រសួងសាធារណការ បានបញ្ជាក់ថា រយៈពេលនៃការបញ្ចូល ថាមពលអគ្គិសនីទៅយានយន្តអគ្គិសនីអាស្រ័យលើកត្តាមួយចំនួនដូចជា៖ ប្រភេទឧបករណ៍បញ្ចូល ថាមពល កម្លាំងចរន្តអគ្គិសនី ទំហំអាគុយ ប្រភេទយានយន្តអគ្គិសនី និងកត្តាបន្ទាប់បន្សំមួយចំនួន ទៀត។ ពេលវេលាបញ្ចូលថាមពលអគ្គិសនីអាចនឹងត្រូវកាត់បន្ថយ នៅពេលបច្ចេកវិទ្យាបញ្ចូលថាមពល មានការរីកចម្រើននាពេលអនាគត។
សូមជម្រាបជូនថា៖ ក្នុងព្រះរាជាណាចក្រកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០% ៕







ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT