មកដឹងពីអត្ថន័យ និងតម្លៃ អាវជម្រើសជាតិថ្មី២០២២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទើបដាក់បង្ហាញ
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់បង្ហាញអាវម៉ូដែលថ្មី សម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២២ ដោយការច្នៃប្រឌិតផ្អែកលើគោលគំនិត Concept Design អត្ថន័យនិងរូបភាពនៃទង់ជាតិខ្មែរ។ ជាពិសេសក្រាហ្វិក អាវក្នុងទឹកដី ត្រូវបានរចនាដោយដកស្រង់អត្ថន័យរបស់ពាក្យ “ប្រាសាទសីលាកំបាំងកណ្តាលព្រៃ” នៃបទនគររាជក្នុងការបង្កប់រូបភាពតូចៗនៃប្រាសាទអង្គរវត្ត (ទាំង៣ពណ៌ក្នុងសាច់ក្រណាត់:ពណ៌ខៀវ ទឹកប៊ិចខៀវ និងខៀវផ្ទៃមេឃ) ក្នុងលំនាំនៃការរចនាប៉ារ៉ាឌីជីថល Digital Camouflage ក្នុងអត្ថន័យថា ប្រាសាទសីលាដែលជាប្រាសាទអង្គរវត្តយើងនេះកំពុងកំបាំងកណ្តាលព្រៃនៅលើក្រាហ្វិកអាវក្នុងទឹកដីយើងថ្មីនេះហើយចំណែកផ្នែកនីមួយៗនៃអាវទាំងមូលគឺដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់យើងនេះឯង។

សម្រាប់ អាវប្រកួតក្រៅទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកនៅលើអាវដែលមានការប្រើប្រាស់ពណ៌ក្រហមព្រាលៗនៅកណ្តាលនិងពណ៌ខៀវព្រាលៗនៅសងខាងដើម្បីតំណាងឱ្យប្លង់ពណ៌នៃទង់ជាតិរបស់យើង។ការយកផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិមកលាតសន្ធឹងឱ្យធំមានន័យថាយើងចង់បង្ហាញអត្តសញ្ញាណក៏ដូចជាវប្បធម៌ និងអរិយធម៌ខ្មែរឱ្យទូលំទូលាយដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់នៅពេលយើងនៅឆ្ងាយក្រៅពីទឹកដីរបស់យើង។ឯកសណ្ឋានក្រុមជម្រើសជាតិមិនមែនគ្រាន់តែជាអាវសម្រាប់ពាក់នោះទេ ប៉ុន្តែវាគឺជាឱកាសមួយដើម្បីបង្ហាញអត្តសញ្ញាណរបស់យើងនៅលើឆាកអន្តរជាតិដែលក្រុមជម្រើសជាតិយើងចូលរួមប្រកួត។ដូច្នេះ វាមានប្រយោជន៍ដែលយើងរចនាអាវរបស់យើងក្នុងវិធីផ្សព្វផ្សាយតម្លៃវប្បធម៌របស់យើងទៅកាន់ពិភពលោកតាមសកម្មភាពរបស់ក្រុមជម្រើសជាតិយើង។

រីឯ អាវអ្នកចាំទីក្នុងទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ក្រហមពីទង់ជាតិរបស់យើងតំណាងឱ្យភាពក្លាហានដែលអ្នកចាំទីរបស់យើងត្រូវតែមានដើម្បីលះបង់ខ្លួនក្នុងការពារទីរបស់យើងពីគូប្រកួត។

ចំណែកឯ អាវអ្នកចាំទីក្រៅទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ខ្មៅនៃសាច់អាវគឺដកស្រង់ចេញពីពណ៌ខ្មៅនៃក្រាហ្វិក Vector Lines អង្គរវត្តនៅលើទង់ជាតិរបស់យើងនិងពណ៌ខៀវដែលជាក្រាហ្វិកនៅលើអាវគឺជាពណ៌ខៀវពីទង់ជាតិរបស់យើងដែលតំណាងឱ្យសាមគ្គីភាពដែលក្រុមរបស់យើងត្រូវការដើម្បីលេងជាក្រុមតែមួយទាំងអ្នកចាំទីខ្សែការពារខ្សែបម្រើនិងខ្សែប្រយុទ្ធសហការគ្នាជាធ្លុងតែមួយក្នុងការការពារទីរបស់យើង

ចំពោះតម្លៃ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបែកចែកជា២គឺ៖
+ FAN Grade: មានតម្លៃ ៨០,០០០រៀល
+ PLAYER Grade: មានតម្លៃ ១៥០,០០០រៀល
អាវប្រកួតប្រភេទ PLAYER Grade នឹងមានលក់ចាប់ពីខែ៦ តទៅ ចំណែកឯអាវប្រកួត FAN Grade នឹងមានលក់ចាប់ពីខែ៩ តទៅ៕
