ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្រោយដើរចេញពី Galaxy លោក យឹម តាស្រង់ បោះទុនរកស៊ីជាមួយ EEw9 ក្រុមហ៊ុនដ៏ល្បីមកពីកូរ៉េ របស់ម៉ាក់អ៉ីអ៉ី

    BY Liny Chan May 31, 2022
    ក្រោយដើរចេញពី Galaxy លោក យឹម តាស្រង់ បោះទុនរកស៊ីជាមួយ EEw9 ក្រុមហ៊ុនដ៏ល្បីមកពីកូរ៉េ របស់ម៉ាក់អ៉ីអ៉ី

    ក្រោយដកខ្លួនចេញពីផលិតកម្ម Galaxy របស់អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា លោក យឹម តាស្រង់ បានបង្ហើបមុខជំនួញចំនួន ២ ក្នុងចំណោម ៣ ដែលលោកត្រូវគ្រប់គ្រងដោយផ្ទាល់។ នៅក្នុងពិធីចុះហត្ថលេខាទូតសុឆន្ទៈរវាងក្រុមហ៊ុន EEw9 ជាមួយកំពូលតារាចម្រៀង តន់ ចន្ទសីម៉ា កាលពីយប់មិញ អតីតអ្នកនិពន្ធរូបនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា លោកជាអគ្គនាយក និងជាតំណាងចែកចាយធំរបស់ក្រុមហ៊ុន EEw9 នៅស្រុកខ្មែរ ហើយមួយទៀតលោកកំពុងគ្រប់គ្រងក្រុមហ៊ុនអលនទ្រព្យ ដោយទទួលទិញ និងលក់ដីខ្នាតធំៗចាប់ពីកន្លះហិកតាឡើងទៅ។

    ជាមួយគ្នានេះដែរ លោក យឹម តាស្រង់ បានបញ្ជាក់ថា៖ លោកគ្រប់គ្រងនៅក្រុមហ៊ុន EEw9 ដែលជាក្រុមហ៊ុនដ៏ល្បីមកពីកូរ៉េ របស់លោក ស្រី Ly Newry និងកាន់ខាងអចលនទ្រព្យ ប៉ុន្តែខាងអចលនទ្រព្យលោកអត់រកស៊ីពុះដីឡូត៍តូចៗដូចគេទេ ព្រោះឥលូវទីផ្សារចង្អៀត ហើយហួសសម័យ​។ ចំណែកមុខរបរមួយទៀត លោកសុំលាក់សិន តែដឹងតែប្លែកពីគេម៉ាស្រុកខ្មែរហ្មង ហើយអត់ចង់និយាយច្រើនមុន ចង់ធ្វើឲ្យឃើញជាលទ្ធផលតែម្ដង។

    លោកស្រី Ly Newry ដែលគេស្គាល់ជាទូទៅថា ម៉ាក់អ៊ីអ៊ីដោយសារលោកស្រី និងកូនស្រីឈ្មោះ អ៊ីអ៊ី ល្បីនៅលើបណ្ដាញសង្គមជាច្រើនឆ្នាំហើយនោះ បានមានប្រសាសន៍ឲ្យដឹងថា លោកស្រីមានមោទកភាពដែលអាចនាំយកផលិតផលសុទ្ធល្អពីរោងចក្រប្រទេសកូរ៉េផ្ទាល់មកចែកបងប្អូនប្រជាពលរដ្ឋខ្មែរបានសាកល្បងប្រើប្រាស់។

    ស្ត្រីអ្នកជំនួញវ័យក្មេងបានលើកឡើងថា ដំបូងឡើយដូចប្រិយមិត្តដឹង លោកស្រីគ្រាន់ជាអ្នកលក់ផលិតដែលលោកស្រី បានកុម្មង់ពីរោងចក្រឱសថកូរ៉េផ្ទាល់មកលក់លើអនឡាញប៉ុណ្ណោះ។ ប៉ុន្តែក្រោយដោយសារមានការគាំទ្រច្រើន លោកស្រីក៏សម្រេចទំនាក់ទំនងជាមួយរោងចក្រនោះបង្កើតម៉ាកយីហោខ្លួនឯងឡើងដោយមានឈ្មោះថា EEw9 ដូចដែលបងប្អូនបានឃើញនៅថ្ងៃនេះ។

    ក្រៅពីវត្តមានរបស់លោក យឹម តាស្រង់ ក្នុងយុទ្ធសាស្ត្របំផ្ទុះទីផ្សារ ក្រុមហ៊ុនផលិតផល EEw9 ក៏បានជ្រើសរើសកញ្ញា តន់ ច័ន្ទសីម៉ា ដែលតារាស្រីលំដាប់កំពូលម្នាក់ ធ្វើជាតារាតំណាងផលិតផល(BA)។ សាមីខ្លួនបានអះអាងថា នាងមានការពិចារណាល្អិតល្អន់មុនទទួលការងារនេះ។ នាងថា មានអ្នកគាំទ្រជាច្រើន ដូច្នេះនាងមិនចង់ឲ្យពួកគេសោកស្ដាយក្នុងរើសប្រើផលិតផលខុសនោះទេ។

    ជាក់ស្ដែងផលិតផល EEw9 នាងជាអ្នកសាកល្បងមុនគេទៅទៀត ទើបនឹងដឹងច្បាស់ថា នាងគួរធ្វើអ្វីសម្រាប់អ្នកគាំទ្រ។ “ដូចបងប្អូនដឹងហើយ ជាសិល្បៈម្នាក់មានកេរ្តិ៍ឈ្មោះ ខ្ញុំប្រយ័ត្នប្រយែងណាស់ ក្នុងការប្រើប្រាស់ផលិតផល…ជាក់ស្ដែងបងប្អូនអាចសម្គាល់ដឹងថា ពីមុនមុខខ្ញុំមុនច្រើន…តែឥឡូវវាអស់ដូចបងប្អូនឃើញ ដោយសារខ្ញុំប្រើឈុត ២៤k នេះឯង!”។

    គួរបញ្ជាក់ថា ក្រុមហ៊ុន EEw9 មានផលិតផលជាច្រើនមានដូចជាផលិតផលសម្រាប់សម្រស់ស្បែក និងផ្ទៃមុខ ឈុត 24k និងកាហ្វេសម្រក EEw9 ជាដើម។ ផលិតផលទាំងនេះ មិនត្រឹមតែចូលមកប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអាមេរិក កាណាដា អឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ក៏កំពុងមាននៅលើទីផ្សារប្រទេសទាំងនោះដែរ៕

    Share This Post: