សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោត
រាជធានីភ្នំពេញ៖ យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើសារដល់ជនរួមជាតិអំពាវនាវប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុននេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ បើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ និងបានថុនថយក្ដី និងមិនមានវត្តមានពីប្រទេសរបស់យើងរយៈពេលជិតមួយខែទៅហើយក្តី តែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩ នៅពេលមានការប្រមូលផ្តុំនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ ដូចជាកាន់ជាប់ជាមួយអាល់កុល រក្សាគម្លាត និងពាក់ម៉ាសជាដើម ដើម្បីការពារហានិភ័យកើតមានឡើង នៅថ្ងៃបោះឆ្នោះ ដែលអាចនឹងនាំឲ្យមានការឆ្លងឡើងវិញ។ អាល់កុលគឺមានភាពចាំបាច់ ដើម្បីឲ្យបងប្អូនអាចលាងដៃ ក្រោយពេលបោះឆ្នោតរួច នៅពេលដែលយើងកាន់ក្រដាស ហើយយើងក៏មិនដឹងថា ក្រដាសនោះឆ្លងមេរោគ ឬក៏អត់ទេ?
ក្នុងសារសំឡេងដែលបង្ហាញពីក្តីបារម្ភចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩។ សម្តេចតេជោ បានគូសរំលេចថា ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនក្នុងអាណត្តិទី៤ ធ្វើការបានល្អណាស់ក្នុងការការពារប្រជាពលរដ្ឋដោយជួយរៀបចំពលរដ្ឋឱ្យបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ៕
