ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន៖ រដ្ឋាភិបាលវៀតណាម ជួយជំរុញជីវភាពរស់នៅ អភិរក្ស និងលើកតម្កើង អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម

    BY Khmernote Media June 4, 2022
    ក្រសួងព័ត៌មាន៖ រដ្ឋាភិបាលវៀតណាម ជួយជំរុញជីវភាពរស់នៅ អភិរក្ស និងលើកតម្កើង អត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១,៣លាននាក់ ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាប ទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាមបណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារ និង ស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានជួយលើកកម្ពស់ និងបង្កើនជីវភាពរស់នៅឥតឈប់ឈរ ដោយមានជំហានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាច្រើន។

    ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុង ដើម្បីរៀបចំដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយឧបត្ថម្ភ ដីបង្កបង្កើនផល និងដីលំនៅឋានឱ្យប្រជាជនជាង ៣ ម៉ឺនគ្រួសារ ជួយឧបត្ថម្ភបណ្តុះបណ្តាល ផ្លាស់ប្តូរមុខរបរ បង្កើតការងារធ្វើជូនកម្មករជាង ២ម៉ឺននាក់។ល។

    មកទល់ពេលនេះ អត្រាភាពក្រីក្រនៃបងប្អូនជនជាតិខ្មែរមានត្រឹមតែប្រហែលជា ២៥ភាគរយប៉ុណ្ណោះ ធ្លាក់ចុះ ៣ភាគរយក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៩ កំណើន ផលិតផលក្នុងស្រុកសរុប(GDP)ជាមធ្យមនៅតាមបណ្ដាខេត្ត ក្រុងដែលមានប្រជាជនខ្មែរ រស់នៅច្រើនបានកើនឡើងពី ៩ភាគរយ ទៅដល់១១,៧ភាគរយ ក្នុងមួយឆ្នាំ។ វិស័យសេដ្ឋកិច្ចក្នុងតំបន់ជនជាតិខ្មែរ មាន ការអភិវឌ្ឍជីវភាពខាងសម្ភារនិង ស្មារតីរបស់បងប្អូនជនរួមជាតិបានលើកបង្កើនអោយកាន់តែ ប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

    ទន្ទឹមនឹងការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិខ្មែរនេះ រដ្ឋាភិបាលវៀតណាមក៏មានគោលនយោបាយអនុគ្រោះ ជាច្រើនសម្រាប់សិស្សានុសិស្ស និស្សិតជនជាតិខ្មែរដូចជា ការជ្រើសរើសឱ្យចូលរៀនមហាវិទ្យាល័យ បម្រុងដោយមិនឆ្លងកាត់ការប្រឡង ផ្ដល់អាហារូបករណ៍លើកលែង ឬបញ្ចុះថ្លៃសិក្សា គោលនយោបាយទាក់ទាញសម្រាប់គ្រូបង្រៀននិងកម្មាភិបាលមកធ្វើការក្នុងវិស័យអប់រំនៅតំបន់ឆ្ងាយដាច់ស្រយាលត្រូវបានអនុវត្តន៍ដោយមានប្រសិទ្ធភាព។

    ប្រព័ន្ធសាលាចំណេះទូទៅ សាលាអន្តេវាសិកជនជាតិ និងសាលាបង្រៀនវិជ្ជាជីវៈ សម្រាប់កូន ក្មួយ បងប្អូនជនជាតិខ្មែរបានពង្រីកដល់ ១០០ភាគរយ នៃស្រុកដែលមានប្រជាជនខ្មែររស់នៅច្រើន អត្រា កុមារខ្មែរក្នុងវ័យសិក្សា បានចូលសាលាឡើងដល់ជាង ៩០ភាគរយ។ គិតដល់ដំណាច់ឆ្នាំ ២០១៨ ទូទាំងតំបន់មានសាលាចំណេះទូទៅអន្តេវាសិកជនជាតិចំនួន៣០ នៅថ្នាក់ស្រុកនិងខេត្ត។ ការបង្រៀនពីរ ភាសា (វៀតណាមនិងខ្មែរ) នៅតាមសាលារៀនក្នុងតំបន់បងប្អូនជនជាតិខ្មែរ ត្រូវបានពង្រីកពីមួយជំហានទៅមួយជំហាន។

    នាពេលបច្ចុប្បន្ននេះ នៅតាមបណ្ដាខេត្ត ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើនមានសាលាបង្រៀនពីរភាសា (វៀតណាមនិងខ្មែរ) រាប់រយកន្លែងហើយ។ ដោយឡែកនៅខេត្ត សុក ត្រាំង មានសាលារៀនចំនួន ១៥៨ ដោយមាន ១ ៦៧២ ថ្នាក់និងកូនសិស្សចំនួន ៤២ ៩៨៨ នាក់។

    ជាមួយគ្នានេះ ចំពោះការងារគិតគូរថែទាំសុខភាពជូនបងប្អូនជនរួមជាតិខ្មែរ តែងតែត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តោតការយកចិត្តទុកដាក់ជាសំខាន់។ បណ្តាញសុខាភិបាលមូលដ្ឋានត្រូវបានបណ្តាក់ទុននិងពង្រឹងជាប្រចាំ។ គុណភាពនៃការពិនិត្យ និងព្យាបាលជំងឺត្រូវបានកែលម្អពីមួយជំហានទៅមួយជំហាន។ ការងារការពារទប់ស្កាត់ ជំងឺរាតត្បាតថែទាំសុខភាពត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា និងទូលំទូលាយ។

    អត្រាកុមារដែលកង្វះអាហារូបត្ថម្ភ បានថយចុះមកនៅក្រោម ៣០ភាគរយ។ ជារៀងរាល់ឆ្នាំមានប្រជាជនជាង ៧ម៉ឺននាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។ ក្រៅពីនោះ នៅតាមខេត្តក្រុងដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើន បានបង្កើនម៉ោងផ្សាយនៃកម្មវិធីវិទ្យុ ជាភាសាខ្មែរ បោះពុម្ព និងចែកផ្សាយសារព័ត៌មានជាភាសាខ្មែរនិងជាពីរភាសាវៀតណាម-ខ្មែរ ដូចជាកាសែតជនជាតិ និងភ្នំរបស់ទីភ្នាក់ងារសារព័ត៌មាន វៀតណាម (VNA)ជាដើម។ មានខេត្តខ្លះ បាន កសាងអគារប្រពៃណីខ្មែរ។ រីឯខេត្ត ត្រាវិញ និង ខេត្ត សុកត្រាំង បានកសាងសារមន្ទីរជនជាតិខ្មែរដោយបានប្រមែប្រមូល និងដាក់តាំងបង្ហាញ វត្ថុ តឹកតាងវប្បធម៌រូបីនិងអរូបីដ៏មានតម្លៃផ្សេងៗ។

    កេរដំណែល ប្រវត្តិសាស្ត្រនិង វប្បធម៌ទាំងឡាយរបស់បងប្អូនជនជាតិខ្មែរ ត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការថែរក្សា ជួសជុលឡើងវិញ ធ្វើឱ្យល្អប្រសើរជាងមុន។ បណ្តាញវិទ្យុបានផ្សាយដល់ ១០០ភាគរយ នៃភូមិឋាន អ៊ិនធឺណិតត្រូវបានភ្ជាប់មកដល់ទីកន្លែងជាច្រើន បង្កលក្ខណៈងាយ ស្រួល ឱ្យ បងប្អូនជនរួមជាតិក្នុងការទទួលព័ត៌មានអោយបានកាន់តែច្រើនឡើងៗ។ អត្រាគ្រួសារជនជាតិខ្មែរដែលមានវិទ្យុ ទូរទស្សន៍ កើនឡើងយ៉ាងខ្ពស់ សម្រេចដល់អត្រាជាមធ្យម ៩៨ភាគរយ ដូចជានៅបណ្ដាខេត្ត សុកត្រាំង ត្រាវិញ វិញឡុង ហើយមានខេត្តជាច្រើនទៀត សម្រេចបានទៅដល់ ១០០ភាគរយ ដូចជា គៀនយ៉ាង និង កឹនធើ។

    យោងតាមក្រុមប្រឹក្សាសង្ឃាភិបាលនៃសមាគមព្រះពុទ្ធសាសនា វៀតណាម នាពេលបច្ចុប្បន្ននេះនៅឯបណ្តាខេត្ត ក្រុងនៅភាគខាងត្បូងមានវត្តខ្មែរជាង ៤៦០ វត្ត ដោយមានព្រះសង្ឃប្រហែលជា ១ម៉ឺនអង្គ ស្មើនឹងមួយភាគបួននៃចំនួនព្រះសង្ឃ និងដូនជីនៃ ព្រះពុទ្ធសាសនាក្នុងប្រទេស។ ក្នុងចំណោមនោះ មានវត្តចំនួន១៤ ត្រូវបានទទួលស្គាល់ ជាកេរ ដំណែលប្រវត្តិសាស្ត្រវប្បធម៌ជាតិ វត្តចំនួន២៩ ត្រូវបានទទួលស្គាល់ជាកេរដំណែលលំដាប់ថ្នាក់ខេត្ត វត្តចំនួន១៥០ ត្រូវបានទទួលស្គាល់លើកសរសើរជាវត្ត មានគុណបំណាច់ ចំពោះបដិវត្តន៍ក្នុងសម័យកាលធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងបារាំង អាម៉េរិក ក៏ដូចជាការកសាង និងការពារមាតុភូមិ។

    ជាមួយនឹងគោលនយោបាយសាមគ្គីភាពរវាងសាសនាជនជាតិទាំងឡាយរបស់បក្សនិងរដ្ឋវៀតណាម ក្នុងរយៈពេលកន្លងមក ព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរបាន បោះជំហាន អភិវឌ្ឍន៍ប្រកបដោយស្ថិរភាពក្នុងទិសដៅត្រឹមត្រូវ បង្កើតឱ្យមានជំនឿទុកចិត្តរបស់ព្រះសង្ឃ និងសាសនិកជនចំពោះបក្សនិងរដ្ឋ វៀតណាម។

    នាពេលបច្ចុប្បន្ននេះ ព្រះពុទ្ធ សាសនាទក្ខិណនិកាយត្រូវបានបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងឡាយនៅ វៀតណាម ដើម្បីអភិវឌ្ឍន៍គំរូអប់រំក្នុងវត្ត ដោយបើកថ្នាក់បង្រៀន ធម៌ទេសនាជាច្រើន ភាសាអង់គ្លេស ព័ត៌មានវិទ្យាបើកសាលាបណ្ដុះបណ្ដាលបាលីកម្រិត បឋមសិក្សា មធ្យមសិក្សានៅតាមខេត្ត ក្រុង និងបាលីជាន់ខ្ពស់នៅវិទ្យាស្ថានព្រះពុទ្ធសាសនាទក្ខិណ និកាយ ខ្មែរ កកើតឡើងប្រព័ន្ធអប់រំព្រះពុទ្ធសាសនាពេញលេញ សុក្រឹតភាពជាបង្គួរ។ យោងតាមលោកអនុបណ្ឌិត យ៉ាញ់ មេន សាស្ត្រាចារ្យនៃសាលាមធ្យមសិក្សា បំពេញ វិជ្ជាបាលី ណាមបូ បានគូសបញ្ជាក់ឱ្យដឹងថា បើនិយាយដល់ជនជាតិខ្មែរ គឺ និយាយដល់ពុទ្ធសាសនាទក្ខិណនិកាយ។ សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅភាគខាងត្បូង វត្ត អារាមមិនត្រឹមតែជា “បេះដូង” របស់ភូមិ ស្រុកប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌល វប្បធម៌ សាលារៀន កន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈ កន្លែងសប្បុរសធម៌ជួយអ្នករាល់គ្នា ដែល ជួបការលំបាកលំបិន កុមារកំព្រា។ល។ ក្រៅពីនោះ វត្តអារាមក៏ជាសារមន្ទីរវប្បធម៌ ស្នាដៃស្ថាបត្យកម្ម ទីកន្លែងរក្សាទុករាល់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អឯករបស់ជនជាតិខ្មែរ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោកអនុបណ្ឌិត ឡឹម ក្វាងវិញ អនុប្រធានដេប៉ាតឺម៉ង់ភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរ ណាមបូ (មហាវិទ្យាល័យ ត្រាវិញ) បានលើកឡើងថា បងប្អូន ជនជាតិ ខ្មែរ នៅវៀតណាម មានពិធីបុណ្យបុណ្យទានប្រពៃណីជាច្រើនស្ទើរ តែទាំងអស់ ផ្សារភ្ជាប់ឬក៏មានជាប់ទាក់ទិនដល់ព្រះពុទ្ធសាសនាដូចជា៖ ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតា (ភ្ជុំបិណ្ឌ) អកអំបុក វិសាខបូជា កឋិនទាន ចូលព្រះវស្សា ចេញព្រះវស្សា។ល។ ពិធីបុណ្យទានសាសនានិងប្រពៃណីទាំងអស់របស់ជនជាតិ ខ្មែរ សុទ្ធតែផ្សារភ្ជាប់ជាមួយ នឹង វត្តអារាម។ ពិធីបុណ្យពុណ្យទានជាប្រពៃណីទំនៀមទម្លាប់ដែលមានគុណ តម្លៃវប្បធម៌ ល្អផូរផង់ទាំងនេះតែងតែត្រូវបានបងប្អូនជនជាតិខ្មែរថែរក្សានិងលើកតម្កើងដោយបានរៀបចំឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ ត្រូវជាកូនក្មួយនៃបងប្អូនជនជាតិខ្មែរ លោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិ ការ មជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង បានចែករំលែកឱ្យដឹងថា “គោលនយោបាយអភិរក្ស លើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិរបស់បក្ស និងរដ្ឋកាន់តែពិពិធភាព ស៊ីជម្រៅទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបបានតម្រូវការនៃកម្មាភិបាល ព្រះសង្ឃនិងបងប្អូនជនជាតិខ្មែរនៅភូមិភាគខាងត្បូងនៃវៀតណាម។ ឆ្លងតាមរយៈ គោលនយោបាយទាំងនេះ ប្រព័ន្ធវត្តអារាមត្រូវបានស្ថាបនាឱ្យល្អប្រសើរជាងមុន សាងសង់វត្ត អារាមថ្មីនៅច្រើនកន្លែង ទំនៀមទម្លាប់ជំនឿទាំងឡាយរបស់បងប្អូនជនជាតិខ្មែរ នៅវៀតណាមខាងត្បូងត្រូវបានអភិរក្ស លើកតម្កើងនិងអភិវឌ្ឍ”។

    លោកបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋវៀតណាម សាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិខ្មែរ សង្ឃឹមថានឹងពាំនាំមកការអភិវឌ្ឍកាន់តែលេចធ្លោថែមទៀត រួមចំណែកបន្ថែមពណ៌សម្បុរដ៏ស្រស់ស្អាតចូលក្នុងផ្ទាំង គំនូរវប្បធម៌ពិពិធភាព ចម្រុះពណ៌របស់សហគមន៍ជនជាតិជាបងប្អូនទាំង ៥៤ នៅប្រទេសវៀតណាម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: