សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ៥០០០ដុល្លារ ដល់បេក្ខជន ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។

ក្រៅការឧបត្ថម្ភថវិកា៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។
លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង៕


ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត