ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ប្ដេជ្ញាខំប្រឹងទ្វេដង ដើម្បីការពារមេដាយមាសក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    BY Khmernote Media June 7, 2022
    កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ប្ដេជ្ញាខំប្រឹងទ្វេដង ដើម្បីការពារមេដាយមាសក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុង ហាណូយ បានប្ដេជ្ញានឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីត្រៀមការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

    កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា បានឱ្យដឹងថា ខ្លួនពិតជារំភើបរីករាយខ្លាំង ក្រោយចាប់គូជាមួយកីឡាការិនី វង ចន្ថា ដណ្ដើម បានមេដាយមាស ១គ្រឿង លើវិញ្ញាសាគូបុរស-នារី នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ទោះបីខ្លួនមិនធ្លាប់រំពឹងថា អាចធ្វើបានដូច្នេះក៏ដោយ។

    កីឡាករមានដើមកំណើតពីខេត្តកំពត បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលលោកបានចូលរួមប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីលោកបានចូលហាត់ និងលេងកីឡានេះ តាំងពីអាយុ១០ឆ្នាំ។ លោកពិតជារំភើបខ្លាំង ដែលលោកអាចសម្រេចនូវក្ដី ស្រមៃរបស់ខ្លួន ទោះបីកន្លងមក លោកមិនរំពឹងថា ខ្លួនអាចដណ្ដើមបាននូវកិត្តិយសដ៏ធំធេងមួយជូនជាតិបែបនេះក៏ដោយ។

    កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានបញ្ជាក់បន្ថែមថា ទម្រាំអាចឈ្នះមេដាយមាសមួយនេះ លោកបានខំប្រឹង ហ្វឹកហាត់ខ្លាំង ទាំងព្រឹក ទាំងល្ងាច ទោះបីអាកាសធាតុបែបណាក៏ដោយ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។ អ្វីដែលលោក សប្បាយចិត្តទៀតនោះ ក្រៅពីការអបអរសាទរ និងលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងបងប្អូនទូទាំងប្រទេស គឺលោកបានធ្វើឲ្យគ្រួសាររបស់ខ្លួន ក៏ដូចជាអ៊ុំពូមីង នៅភូមិកំណើត សប្បាយចិត្ត និងមានមោទនភាព ចំពោះសមិទ្ធផលរបស់ លោកមួយនេះ ។

    កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានបន្ដថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមលោកជាម្ចាស់មេដាយមាស លោកនឹង បង្កើនការខំប្រឹងហ្វឹកហាត់ទ្វេដង និងកាន់តែខ្លាំងថែមទៀត ដើម្បីការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះ ក៏ដូចជាត្រៀមការប្រកួត ផ្សេងៗ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ។

    គួរជម្រាបថា កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានចូលហ្វឹកហាត់កីឡាប៊ូល និងប៉េតង់ តាំងពីវ័យ១០ឆ្នាំ។ ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុក-ម្ដាយ រូបគេក៏បានប្រកបអាជីពកីឡានេះ រហូតមកទល់បច្ចុប្បន្ន។ ឆ្នាំ២០១៧ គឺជាឆ្នាំដំបូង ដែលរូបគេបានជាប់ជម្រើសជាតិ និងចាប់ផ្ដើមចេញប្រកួតលើឆាកអន្ដរជាតិ ប៉ុន្តែពុំទាន់ទទួលបានលទ្ធផល ល្អប្រសើរនោះទេ។

    នៅឆ្នាំ២០១៨ សហព័ន្ធបានបញ្ជូនរូបគេ ចូលរួមប្រកួតក្របខណ្ឌកីឡានិស្សិតអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា ដោយដណ្ដើមមេដាយមាស ១ និងប្រាក់ ១។ រហូតដល់ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យរបស់ ស៊ី វង់ បន្ទាប់ពីសហព័ន្ធបញ្ជូនរូបគេ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូង លើវិញ្ញាសាវាយគូបុរស-នារី ដោយចាប់ដៃជាមួយកីឡាការិនី វង ចន្ថា ហើយដណ្ដើមបានមេដាយមាសតែម្ដង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: