ចិនចេញច្បាប់ថ្មី អាចឲ្យក្រុមហ៊ុនអេឡិចត្រូនិករក្សាទុកនូវរាល់សកម្មភាព និងព័ត៌មានរបស់អ្នកប្រើប្រាស់នៅលើអនឡាញបាន
- November 30, 2018
ចិន៖ ថ្មីៗនេះរដ្ឋាភិបាលចិនបានចាត់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួនចាប់ផ្តើមកត់ត្រាលម្អិតអំពីព័ត៌មាន និងសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់។ ច្បាប់ថ្មីពីនិយតករអ៊ិនធឺណិតរបស់ចិនបានចូលជាធរមានកាលពីថ្ងៃសុក្រ ដែលជាសញ្ញាថ្មីមួយធ្វើឱ្យមានភាពតឹងតែងកាន់តែខ្លាំងឡើងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Tencent (TCEHY) និងក្រុមហ៊ុន Alibaba (BABA) ។ សេចក្តីប្រកាសព័ត៌មានថ្មីមួយបានចុះផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលចិនកាលពីដើមខែនេះថា៖ តម្រូវការថ្មីត្រូវបានអនុវត្តចំពោះក្រុមហ៊ុនណា ដែលផ្តល់សេវាកម្មតាមអនឡាញ ដែលអាចជះឥទ្ធិពលដល់មតិយោបល់របស់សាធារណៈជន ឬប្រមូលផ្តុំសាធារណជនឱ្យចូលរួមក្នុងសកម្មភាពអ្វីមួយ។
ការអនុវត្តថ្មីនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួននៅប្រទេសចិន និងក្រុមហ៊ុនដែលទើបតែចាប់ផ្ដើមដូចជាក្រុមហ៊ុន Tencent, Alibaba, Baidu (BIDU) និង ByteDance ។ យ៉ាងណាមិញគេមិនទាន់ច្បាស់ទេថា តើច្បាប់ថ្មីនេះក៏ត្រូវអនុវត្តចំពោះក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុន Apple (AAPL) ដែរឬទេ ដែលសេវាកម្ម iMessage របស់វាក៏មានដំណើរការនៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Apple (AAPL) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើនេះទេ។ នៅដើមខែនេះរដ្ឋបាលគ្រប់គ្រងអ៊ិនធើណែតរបស់ចិនបានបិទគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមជិត ១០,០០០នាក់ដោយសារពួកគេបាន «ជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់ច្បាប់ និងបទបញ្ញត្តិ» និង «បំផ្លាញឱ្យខូចខាតប្រព័ន្ធអេកូឡូស៊ីនៃមតិសាធារណៈលើអ៊ីនធឺណិត»។ គួរឱ្យដឹងផងដែរថា បណ្តាញសង្គមធំៗដូចជា Facebook, Twitter, និង Google គឺត្រូវបានបិទមិនឱ្យប្រើប្រាស់នោះទេនៅក្នុងប្រទេសចិនទោះបីជាប្រើ VPN ក្លែងក្លាយក៏ដោយ៕
អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






