ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ចិនគ្មានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយលើពិភពលោកនោះទេ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ពីជំហររបស់ប្រទេសចិនថា មិនមានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនៅលើពិភពលោកនោះទេ គឺចិនចង់តែដឹកនាំប្រជាជន និងគ្រប់គ្រងប្រទេសខ្លួនឯងឱ្យបានល្អតែប៉ុណ្ណោះ។ ការបញ្ជាក់ជំហររបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិននេះ ធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើក ការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្ដម Wang Wentian បានថ្លែងថា “ប្រទេសចិន មិនចង់ក្លាយទៅជាប្រទេសខ្លាំងគ្រប់គ្រងប្រទេសនោះទេ ប្រទេសចិនមានវប្បធម៌ប្រពៃណីទន់ភ្លន់ ចង់គ្រប់គ្រងតែ ប្រទេសរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះ ហើយដឹកនាំប្រជាជន គ្រប់គ្រងប្រទេសខ្លួនឯងបា នល្អប៉ុណ្ណឹងបានហើយ”។ ឯកឧត្ដមបានលើកឡើងថា ចិនជាមហាអំណាចក្នុងតំបន់ ដែលបានផ្តល់ជំនួយ និងប្រាក់កម្ចីដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈដែលប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែម្តង ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រសិទ្ធនាមថាជា “មិត្តដែកថែប”។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានថ្លែងបញ្ជាក់ថា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិនកាន់តែរឹងមាំ និងខ្លាំងក្លាជាងពេលណាៗទាំងអស់នោះ ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានវាយប្រហារថា ចិនមានបំណងគ្រប់គ្រងកម្ពុជា ឬដាក់អន្ទាក់បំណុល ឬបោះមូលដ្ឋានកងទ័ពនៅក្នុងប្រទេសកម្ពុជាជាដើម។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានអះអាងថា “ជំនួយ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា គោរពច្បាប់របស់ប្រទេសកម្ពុជា គោរពច្បាប់របស់ប្រទេសចិន និងគោរពច្បាប់អន្តរជាតិ និងបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ”។ ឯកឧត្ដមបានអះអាងទៀតថា កិច្ចសហប្រតិបត្តិការ លើវិស័យកងទ័ពចិន និងកម្ពុជា មិនសម្រាប់សំដៅទៅប្រទេសទី៣នោះទេ ហើយនិយាយពីប្រទេសមួយចំនួន វាយប្រហារទៅលើគម្រោងនេះ គឺមានបំណងផ្តេសផ្តាស ដែលគេនិយាយខុស ធ្វើខុស។
ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនបានបន្ថែមថា នៅលើពិភពលោក ប្រទេសដែលមានកងទ័ពនៅក្រៅប្រទេស មិនមែនជាប្រទេសចិនទេ ហើយប្រទេសដែលមានកងទ័ពនៅក្រៅប្រទេសច្រើនជាងគេ គឺមិនមែនប្រទេសចិននោះទេ ហើយការធ្វើដើម្បីបង្កើនឥទ្ធិពល ដើម្បីបង្កើនកិត្យានុភាពកម្លាំងខ្លួនឯង ក៏មិនមែនប្រទេសចិននោះទេ។ ដូច្នេះទោះបីជាថ្ងៃក្រោយជួបនូវសម្ពាធ និងបញ្ហាប្រឈមជាច្រើនយ៉ាងណា ប្រទេសទាំងពីរ នឹងជម្នះឧបសគ្គនៅថ្ងៃក្រោយ។ ជាមួយគ្នានោះដែរឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានប្រឆាំងដាច់ខាតចំពោះប្រទេសខ្លះលាបពណ៌ នូវកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាងប្រទេសចិន និងកម្ពុជា ដោយយកលេសលទ្ធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្ម ស្រេចតែអំពើចិត្ត ប្រើអំណាចជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងកម្ពុជា។ ឯកឧត្ដមបានចាត់ទុកថា ប្រទេសចិនអ្នកជិតខាង គឺជាមិត្តពឹងពាក់បាន ហើយជាដៃគូដ៏ជឿទុកចិត្តបានរបស់កម្ពុជា ជារៀងរហូត ខណៈភាគីចិន រីករាយសម្រាប់កិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា។
បើតាមឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានគត់សម្គាល់ឃើញថា “ប្រទេសខ្លះឃោសនាបំប៉ោងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាងចិន-កម្ពុជា យកលេសលទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតោភាគី ស្រេចតែអំពើចិត្ត ប្រើអំណាចយុត្ថាធិការហួសព្រំដែន ជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងកម្ពុជា យើងខ្ញុំប្រឆាំងដាច់ខាតចំពោះទង្វើទាំងអស់នេះ”។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា បទពិសោធន៍មិនអាចកាត់ថ្លៃបាន ក្រោយប្រទេសចិន និងប្រទេសអាស៊ាន រង់ចាំប្រទេសកម្ពុជា បង្កើតទំនាក់ទំនងកិច្ចសន្ទនា គឺប្រកាន់ភ្ជាប់គាំពារសន្ដិភាព ប្រឆាំងការកើតសង្គ្រាម ប្រកាន់ភ្ជាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ហើយក៏ប្រឆាំងការតតាំង និងប្រឈមមុខដាក់គ្នា ជាពិសេសប្រកាន់ភ្ជាប់ផលប្រយោជន៍គ្នាទៅវិញ ទៅមក ព្រមទាំងប្រកាន់ភ្ជាប់បើកជំហរបរិយាប័ន្ន ប្រឆាំងអំពើបំបែកបំបាក់គ្នា។
ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនបានថ្លែងសង្កត់ធ្ងន់ថា “ប្រទេសខ្លះរួមគ្នាជាមួយប្រទេសក្នុងតំបន់ ប្រើគ្រប់វិធីសាស្ដ្រ និងកិច្ចសហប្រតិបត្ដិការអាស៊ី-ប៉ាស៊ីហ្វិក ជាជាងរកល្បិចកលបំបែកបំបាក់គ្នា។ ត្រូវកសាងមិត្ត ជាជាងបង្កើតក្រុមតូចៗ បិទជិតពហិការប្រទេសផ្សេងៗ ប្រព្រឹត្តទង្វើមានអំណោយផលដល់សន្ដិភាព និងការអភិវឌ្ឍ ជាជាងបង្កើតចលនាក្នុងតំបន់”៕





ប្រភព៖ ក្រសួងព័ត៌មាន