ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធបាល់ទាត់ឥណ្ឌា ចេញលិខិតសុំអភ័យទោសកម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ

    BY Khmernote Media June 9, 2022
    សហព័ន្ធបាល់ទាត់ឥណ្ឌា ចេញលិខិតសុំអភ័យទោសកម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងការរៀបចំការស្នាក់នៅសម្រាប់កីឡាករមិនបានល្អ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។

    នៅក្នុងសារលិខិតរបស់ សហព័ន្ធបាល់ទាត់ឥណ្ឌា បានឲ្យដឹងថា៖«សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា, ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។ ទី២. យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។

    បន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។

    ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ។»

    សូមបញ្ជាក់ផងដែរថា នាយឧត្តមសេនីយ៍ សៅ សុខា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជា ៕

    ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

    Share This Post: