យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ មានល្បឿនគួរឱ្យកត់សម្គាល់ត្រឹមតែរយៈពេលពីរថ្ងៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហើយដែលគិតត្រឹមថ្ងៃនេះមានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះដោយសម្រេចចាក់បានចំនួន ៧១ ៩៨១ នាក់។

ជាមួយគ្នានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ក៏បាននិងកំពុងបង្កើនល្បឿនផងដែរ ដោយដូសទី៣ សម្រេចបាន ៩ ៣០០ ៦៦៤ នាក់ និងដូសទី៤ សម្រេចបាន ២ ៦៣៨ ២៦០ នាក់។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើង ទាំងដូសមូលដ្ឋាន និងដូសជំរុញ កំពុងតែបង្ហាញនូវភាពជោគជ័យក្តី រួមជាមួយនឹងអត្រាឆ្លងប្រចាំថ្ងៃបន្តធ្លាក់ចុះក្នុងកម្រិតទាបបំផុត និងមិនមានករណីឆ្លងថ្មីចំនួនជាងមួយខែមកហើយ រួមជាមួយនឹងការមិនមានករណីស្លាប់ថ្មីក៏ដូចជាមិនមានអ្នកវិជ្ជមាននៅក្នុងប្រទេសក៏ពិតមែន ប៉ុន្តែការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន ដើម្បីជំរុញអង្គបដិបក្ខការពារបុគ្គលឡើងវិញ រួមជាមួយនឹងការរស់នៅជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ១០ ៣៣២ ៨៤៥ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៧៤ ៧១៩ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០៣.២៣% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨៣៩ ១៩៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៧៩ ០០២ នាក់ ដែលស្មើនឹង ១០០.៦៥% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន ៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៧២ ៣៤៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ២ ០២២ ០១៣ នាក់ ដែលស្មើនឹង ១០៩.២២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៤០៦ ៣៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៣៣៦ ៦៣៧ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១៣៣.៥៤%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ៤១៣ ៤៤៤ នាក់ និងសម្រេចចាក់ដូសទី២ បានចំនួន ២២៨ ៦៤៥ នាក់ ដែលស្មើនឹង ៦៧.៧០% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់។
ជារួមប្រជាពលរដ្ឋសរុប ១៥ ០៥៤ ២១៧ នាក់ បានចាក់វ៉ាក់សាំងរួច នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេសចំនួន ១៦លាននាក់ ហើយតួលេខនៃការងារចាក់វ៉ាក់សាំងនេះ ទាំងដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងចុងក្រោយនេះ ដូសទី៥ នៅកម្ពុជាយើង ស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៣ ១៣២ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ (២៨លាន៥សែនដូស) យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ៣៤ ៤២៤ ៨០០ ដូស។
– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៥ ១៦៥ ៥០០ ដូស។
– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ៤ ៤៨៩ ៧៣០ ដូស។
បន្ថែមពីលើវ៉ាក់សាំងដែលមាននៅក្នុងឃ្លាំងក្រសួងសុខាភិបាលស្រាប់ជាង ជាង ៩លានដូសសម្រាប់ចាក់ជាដូសជំរុញ កម្ពុជានឹងទទួលបានវ៉ាក់សាំងជាង ២០លានដូសបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ រួមមាន វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ១៥លានដូស និងវ៉ាក់សាំងដែលជាជំនួយរបស់សហរដ្ឋអាមេរិក តាមរយៈអង្គការសុខភាពពិភពលោក ចំនួន ៥លាន៥សែនដូស បន្ថែមទៀតផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន