ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាល​ក្រុង​សិរី​សោភ័ណ​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជិះម៉ូតូ​បង្ហោះ​ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​ និង​ជិះម៉ូតូ​រេ​ពេញ​ផ្លូវ​ ឃាត់ខ្លួន​១៤​នាក់​

    BY Khmernote Media June 12, 2022
    នគរបាល​ក្រុង​សិរី​សោភ័ណ​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជិះម៉ូតូ​បង្ហោះ​ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​ និង​ជិះម៉ូតូ​រេ​ពេញ​ផ្លូវ​ ឃាត់ខ្លួន​១៤​នាក់​

    ​បន្ទាយ​មាន​ជ័យ​ ៖​ នគរបាល​ក្រុង​សិរី​សោភ័ណ​ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១៤​នាក់​ ដែល​ជិៈ​ម៉ូតូ​បង្ហោះ​ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​និង​ជិៈ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​ព្រឹក​ដល់​ម៉ោង​០៥​ល្ងាច​ ។​ ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ ដោយ​ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​,​ ផ្នែក​ព្រហ្មទណ្ឌ​និង​ផ្នែក​សណ្តាប់ធ្នាប់​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា​ សង្កាត់​កំពង់ស្វាយ​ និង​សង្កាត់​អូរ​អំបិល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ក្រុង​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ម៉ូតូ​កែ​ច្នៃ​ស៊ី​មាំ​ង​ ម៉ូតូ​លឺ​សំលេង​ខ្លាំង​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ សង្កាត់​ទឹកថ្លា​,​សង្កាត់​អូរ​អំបិល​ និង​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ។​

    ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ​ បាន​បញ្ជាក់​ថា​ ៖​ ចំពោះ​ក្មេង​ទំនើង​ទាំងនោះ​នគរបាល​ឲ្យ​រត់​ចំនួន​២០​ជុំ​ដងទង់​ជាតិ​ រួច​ធ្វើការ​អប់រំ​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ប្រព្រឹត្ត​ជា​លើក​ទី​២​បន្ត​ទៀត​ បើ​មិន​រៀងចាល​ចាប់​បានជា​លើក​ទី​២​ នឹង​អនុវត្ត​តាម​វិធានការ​រដ្ឋបាល​ បន្ទាប់​មក​កោះហៅ​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត​ ហើយ​ម៉ូតូ​ដែល​ពាក់ព័ន្ធ​នឹង​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​ តម្រូវ​ឲ្យ​ម្ចាស់​ដាក់​បំពង់​ស៊ី​ម៉ាំង​ឲ្យ​ត្រូវ​តាម​លក្ខណៈ​ដើម​វិញ​ ។​ ដោយឡែក​ម៉ូតូ​ដែល​អត់​ពន្ធ​នោះ​ សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​។​

    ​ជាមួយ​គ្នា​នោះ​ដែរ​ លោក​អធិការ​នគរបាល​ក្រុង​ បាន​អំពាវនាវ​ដល់​ ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​មេត្តា​ណែនាំ​ដល់​កូនចៅ​ របស់​ខ្លួន​កុំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​សង្គម​ស្អប់ខ្ពើម​ ដូច​ជា​ការ​បង្ហោះ​ម៉ូតូ​ ជិៈ​រេ​ចុះឡើង​ពេញ​ផ្លូវ​នេះ​ វា​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​និង​អ្នក​ដទៃ​ដែល​ប្រើប្រាស់​ផ្លូវ​ជាមួយ​។​ ចំពោះ​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​វា​រំខាន​ដល់​អារម្មណ៍​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: