ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់លក់ដាវសាំម៉ូរ៉ៃ ដោយគ្មានច្បាប់អនុញ្ញាត នៅលើបណ្តាញសង្គម និងដកហូតដាវបានជិត២០០ដើម

    BY Khmernote Media June 12, 2022
    សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់លក់ដាវសាំម៉ូរ៉ៃ ដោយគ្មានច្បាប់អនុញ្ញាត នៅលើបណ្តាញសង្គម និងដកហូតដាវបានជិត២០០ដើម

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីទិញ-លក់អាវុធ ដោយគ្មានការអនុញ្ញាត ប្រភេទដាវសាំម៉ូរ៉ៃ ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១០៧ ផ្លូវលេខ៦៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម។

    ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាឈ្មួញបានធ្វើការឡាយផ្ទាល់នៅលើបណ្តាញសង្គមគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven Cambo Samoria ដើម្បីលក់ដាវសាំម៉ូរ៉ៃ។ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាអ្នកលក់ និងដកហូតបានដាវសាំម៉ូរ៉ៃចំនួន​ ១៩១ដើមតែម្តង។

    ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យ រួមនឹងវត្ថុតាងខាងលើរួចមក កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    Share This Post: