ព័ត៌មានជាតិ

កម្ពុជាបានបញ្ចប់ផែនការមេ ភស្តុភារកម្ម ដែលត្រូវការទុន វិនិយោគប្រមាណជិត៥០ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ

BY
srey nuch
June 15, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបញ្ចប់ផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលគម្រោងនេះនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន។

ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) Co., Ltd ដឹកនាំដោយលោក Laurent Olmeta, នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងសម្រេចបាន គម្រោង កំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ដែលក្នុងនោះរួមមាន ការបញ្ចប់ផែនការមេ ភស្តុភារកម្ម ដែលមានសារសំខាន់ក្នុងការចូលរួមចំណែក ទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ(Port EDI)ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវា នៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ គម្រោងសាងសង់លើកកម្រិតព្រលានយន្តហោះចំនួន៣តាមស្តង់ដារអន្តរជាតិនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តកោះកុង ដែលប្រតិបត្តិដោយក្រុមហ៊ុនឯកជន ឈរលើគោលការណ៍BOT (សាងសង់ ប្រតិបត្តិ ផ្ទេរ) និងគម្រោងសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំនេះ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញចំណាយពេលតិចជាងបីម៉ោង ទៅកាន់ខេត្តព្រះសីហនុ កាត់បន្ថយការប្រើប្រាស់ផ្លូវជាតិ លេខ៤ដែលបច្ចុប្បន្នត្រូវចំណាយពេលប្រមាណ ៦ម៉ោងទៅកាន់ក្រុងកំពង់ផែមួយនេះ។

លោក Laurent Olmeta បានសំដែងនូវចំណាប់អារម្មណ៍របស់ ក្រុមហ៊ុនលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែ។

ឯកឧត្តម លូ គឹមឈន់ បានសំដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនCMA ដែលមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុឡើងវិញបន្ទាប់ពីបានអាក់ខានមួយរយៈ កន្លងមក និងបានជម្រាបជូនអំពីគម្រោងសាងសង់ផែកុងតឺន័រថ្មីដំណាក់កាលទី១ របស់កំពង់ស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងកញ្ចប់តែមួយ ដើម្បីពង្រីកសមត្ថភាពកំពង់ផែឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: