ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាមេរិក ផ្តល់ថវិកា២៤លានដុល្លារ គាំទ្រគម្រោងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

    BY Khmernote Media June 16, 2022
    អាមេរិក ផ្តល់ថវិកា២៤លានដុល្លារ គាំទ្រគម្រោងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា សហគមន៍មូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងតំណាងរាជរដ្ឋាភិបាល កម្ពុជា បានចូលរួមពិធីអបអរសមិទ្ធ ផលនៃផលប័ត្របរិស្ថានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID និងប្រកាសអនុវត្តគម្រោងថ្មីមួយ ដែលមាន ឈ្មោះថា “USAID មរតកបៃតង” ក្រោមថវិកាសរុប ២៤ លានដុល្លារអាមេរិក និងមានរយៈពេល ៥ឆ្នាំ។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID រដ្ឋាភិបាលសហរដ្ឋអាមេរិក បានគាំទ្រដល់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលរស់នៅក្បែរតំបន់ការពារនានា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមិថុនានេះ។

    គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន Tetra Tech ARD នឹងប្រើវិធីសាស្រ្ត ប្រព័ន្ធទីផ្សារដើម្បីគាំទ្រដល់ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់កែវសីមាក្នុងខេត្តមណ្ឌលគិរី តំបន់លំផាត់ក្នុងខេត្តរតនគិរី តំបន់សៀម ប៉ាងក្នុងខេត្តស្ទឹងត្រែង និងតំបន់ជួរភ្នំក្រវាញ។ លោក Benjamin Wohlauer ភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិក មានប្រសាសន៍ថា “សហរដ្ឋអាមេរិកប្តេជ្ញាក្នុងការដោះ ស្រាយវិបត្តិអាកាសធាតុសកលជាមួយដៃគូកម្ពុជានានា។

    គម្រោង USAID មរតកបៃតង នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើន ដើម្បីបង្កើតឱកាសការងារ និងគំរូអាជីវកម្មវៃឆ្លាតចំពោះអាកាសធាតុ ដែលលើកកម្ពស់ការអភិរក្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។”

    គម្រោង USAID មរតកបៃតង មានគោលបំណងពង្រីកការលក់ឥណទានកាបូននៅតំបន់កែវសីមា និងជួរភ្នំក្រវាញ ខណៈបង្កើនប្រាក់ចំណូល និងឱកាសការងារសម្រាប់សហគមន៍ដែលពឹងអាស្រ័យលើព្រៃឈើ។ គម្រោងនេះ នឹងគាំទ្រដល់និរន្តរភាពនៃមរតកព្រៃបៃតងរបស់ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍប្រព័ន្ធទីផ្សារប្រកប ដោយចីរភាពនិងមានលក្ខណៈអំណោយផលដល់អាកាសធាតុ។

    លោក កែវ សុជាតិ នាយកប្រតិបត្តិនៃអង្គការសន្សំម្លប់ព្រៃ មានប្រសាសន៍ថា គំនិតផ្តួចផ្តើមជីវភាពរស់នៅនិង សកម្មភាពរបស់កម្មវិធីស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ (Ibis Rice រឺស្រូវត្រយ៉ង) បានផ្តល់អត្ថប្រយោជន៍ ផ្ទាល់ដល់សហគមន៍មូលដ្ឋាន។ វាមានសារៈសំខាន់ណាស់ ដែលយើងបន្តថែរក្សានិងការពារធនធានធម្មជាតិ ដែលសហគមន៍ទាំងនេះពឹងអាស្រ័យយ៉ាងខ្លាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: