ដើមគ្រញូង ៤ដើម មានអាយុកាលប្រមាណ៥០ឆ្នាំ ត្រូវបានគេលួចកាប់ នៅក្នុងចម្ការពូជឈើគ្រញូង ខេត្តសៀមរាប
យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រឹដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ត និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយតំបន់នេះមានសក្កានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងបានចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដ៏ទទូចចំពោះ សាធារណជនដែលបានស្គាល់ ដឹងដំណឹង ពាក់ព័ន្ធនឹងជនល្មើសហើយបានរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចរហូតឈានទៅចាប់ជនល្មើសបាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១ ០០០ដុល្លារ ហើយព័ត៌មានត្រូវបានរក្សាជាការសម្ងាត់ជូនមិនអោយមានបញ្ហាដល់អ្នកផ្តល់ព័ត៌មានខាងលើនេះឡើយ។ សូមទំនាក់ទំនងផ្តល់ព័ត៌មានមកលេខទូរស័ព្ទ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤៕
