កម្លាំងសមត្ថកិច្ច ចុះអប់រំក្មេងៗសិស្សសាលា បើកម៉ូតូលឿន កែបំពង់ស៊ីម៉ាំងលឺ និងបង្ហោះម៉ូតូ លើកំណាត់ផ្លូវបេតុងមួយកន្លែង ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ៖ ជំរាបសួរលោកពូស្នងការ នៅម្តុំភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅចំណុចផ្លូវបេតុង មានក្មេងៗសិស្សសាលាបើកម៉ូតូលឿន និងកែបំពង់ស៊ីម៉ាំងលឺ ហើយបង្ហោះម៉ូតូ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវឆ្លើយតប ជាលទ្ធផល៖
នៅថ្ងៃសុក្រ ០៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨៖០០នាទី លើកំណាត់ផ្លូវបេតុងលេខ៤២ (បែកចាន-បាសិទ្ធ) និងផ្លូវបេតុង ស្ថិតនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន សរុបចំនួន១៣នាក់ ដឹកនាំដោយ៖
-លោកវរសេនីយ៍ទោ គឹម សំអាត អធិការរង
-លោកវរសេនីយ៍ទោ ឆេង សុខងួន អធិការរង។ បានចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីគ្រឿងញៀន ក្មេងទំនើង និងច្បាប់ផ្សេងៗទៀត ដល់សិស្សានុសិស្ស សរុបចំនួនម៉ូតូ ១០គ្រឿង សិស្សានុសិស្សចំនួន ១៥នាក់ ស្រី០១នាក់។
ទិសដៅ៖
-បន្តចាត់កម្លាំងឃ្លាំមើល ក្នុងករណីមានសកម្មភាពល្មើសច្បាប់ សមត្ថកិច្ចនឹងអនុវត្តន៍តាមនីតិវិធី។
-បន្តសកម្មភាពចុះអនុវត្តន៍ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីគ្រឿងញៀន ក្មេងទំនើង និងច្បាប់ផ្សេងៗ ឱ្យបានញឹកញាប់។ អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province