កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យចំនួនបីនាក់ ទៅតុលាការ ករណីឆក់កាបូបស្ពាយបានសម្រេច បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួនបីនាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមាន៖
ទី១.ឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខផ្ទះលេខ១២DA ផ្លូវលេខ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩និង១៥នាទី។
ទី២.ឈ្មោះ គង់ កុសល ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទី៣.ឈ្មោះ អាន គីមស្រៀន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន នៅចំណុចផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអុបប៉ូ) នៅចំណុចទល់មុខមជ្ឃមណ្ឌលថែទាំរថយន្តអែនឃែរ ផ្ទះលេខ២៦៧ ផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន ៧៩១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-3948 ចំនួន០១គ្រឿង, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនីច ពណ៌សទឹកក្រូច ស៊េរីឆ្នាំ២០១៩ លេខតួ ៤៧៣៤៥ លេខម៉ាស៊ីន ៧៣៧៥ ពាក់ផ្លាកលេខ ភ្នំពេញ 1HP-8206, ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០២១ លេខតួ ៦៦១០៧ លេខម៉ាស៊ីន ៦០០២ ពាក់ផ្លាកលេខ ភ្នំពេញ 1JM-7137។
ជនរងគ្រោះឈ្មោះ ចាង សាគូរ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៨៣ ផ្លូវលំ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរលក់ដូរ។ សម្ភារបាត់បង់៖ កាបូបស្ពាយចំនួន មួយ ក្នុងនោះមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ចាង់ សាគូរ៉ា ចំនួន០១សន្លឹក, កាតធនាគារ ABA ចំនួន០១សន្លឹក និងប្រាក់ប្រហែល ៤០០,០០០រៀល (សែសិបម៉ឺនរៀល)។ ចំណែកជនរងគ្រោះម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទស្រី (មិនបានដាក់ពាក្យបណ្តឹង) ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police