ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាម សូម្បី១មីល្លីម៉ែត្រ

    BY Khmernote Media June 20, 2022
    សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំគ្មានសិទ្ធិប្រគល់ដីឱ្យវៀតណាម សូម្បី១មីល្លីម៉ែត្រ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច គ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីល្លីម៉ែត្រ ហើយសម្ដេច​ក៏មិន​ចង់បានដី​វៀតណាមសូម្បីមួយមីល្លីម៉ែត្រដែរ សូមឱ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណា​និគមនិយម​បារាំងបានបន្សល់ទុកទៅបានហើយ។

    ​ក្នុងខណៈអញ្ជើញចូលរួមជាមួយឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃ​សា​ធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខួបលើកទី៤៥ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅកា​រ​ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និង​សម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល៤៣ឆ្នាំនៃការគ្រប់គ្រងប្រទេ សរបស់គណបក្ស​ប្រជា​ជនកម្ពុជា យើងបានដោះស្រាយបញ្ហាព្រំដែនបាន ៨៤ ភាគរយនៃខ្សែព្រំដែនហើយ​ដែលកំពុងចរចាដោះស្រាយបញ្ហាចំនួន ១៦ ភាគរយទៀតដែលក្នុងនោះ ៦ភាគរយ កំពុង​ចរចាបញ្ចប់។

    សម្តេចតេជោគូសបញ្ជាក់ថា «នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជាទាំង​នៅ​ក្នុងប្រទេសនិងក្រៅប្រទេស និងមានស្ថានទូតទាំងអស់កំពុងស្តាប់ ហើយបញ្ជាក់​ជូន​ចំពោះមកនាយករដ្ឋមន្ត្រីវៀតណាម ខ្ញុំមិនមានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាម​សូម្បីមួយ​មីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីពីរវៀតណាមសូម្បីមួយមីល្លីម៉ែត្រដែរ។​ សូមឱ្យតែត្រូវ​ទៅ​​តាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានផ្ដល់បន្សល់ទុកទៅបានហើយ។ ហើយវៀតណាមក៏មិនត្រូវការយកដីយើង ហើយយើងក៏មិនត្រូវការយកដីវៀតណាមដែរ។​មួយនឹងព្រះរាជាណាចក្រថៃ និងឡាវក៏ដូចគ្នា»។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ក្រោយពេលអនុវត្តន៍ដោយ​ជោគ​ជ័យនយោបាយ ឈ្នះ ឈ្នះ សម្តេចបានដាក់ចេញនូវទិសដៅពីរសំខាន់ គឺទី១. ប្រែ​ក្លាយតំបន់អតីតសមរភូមិទាំងអស់ឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ២ប្រែក្លាយខ្សែ បន្ទាត់​ព្រំ​ដែនជាមួយនឹងប្រទេសជិត ខាងទាំងអស់ឱ្យក្លាយជាព្រំដែនសន្តិ ភាពមិត្តភាពសហ​ប្រតិ​​បត្តិការនិងការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ពលរដ្ឋ​វៀត​ណាម ដែលបានជួយសម្តេចកាលពី៤៥ឆ្នាំមុន ក្នុងដំណើរទៅស្វែងរក​កម្លាំងដើម្បី​រំដោះ​ប្រជាជនកម្ពុជាពីរបប ប៉ុល ពត។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពីរយៈពេល ៤៥ឆ្នាំមុន នៃដំណើរតស៊ូរំដោះជាតិ សម្ដេចមានជម្រើសមួយចំនួនដែលសម្តេច​ត្រូវ​សម្រេច​​ជ្រើសរើស តែអ្វីដែលសម្តេចបានជ្រើសរើសនាពេលនោះ គឺត្រូវឆ្លងដែនចូល​ទៅ​កាន់​ប្រទេសវៀតណាមដោយខុសច្បាប់ ដើម្បីសុំអន្តរាគមន៍ជំនួយគាំទ្រផ្នែកប្រដាប់អាវុធ ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបអាវខ្មៅ ឃោរឃៅយង់ឃ្នង។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើគ្មាន២០មិថុនា ១៩៧៧ ក៏គ្មាន១២ឧសភា និង២ធ្នូ ឆ្នាំ១៩៧៨ ដែរ ហើយក៏មិនអាចមានថ្ងៃ ៧មករា ដែល​ជាថ្ងៃផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដែរ។ សម្តេចតេជោបានអះអាងថា សម្តេចជាតួអង្គមួយ ដែលបានតភ្ជាប់នយោបាយសំខាន់ ៤៥ឆ្នាំមកនេះ និងជាអ្នកបង្កើត​កងទ័ព មិនមែនត្រឹមតែជាមេទ័ពនោះទេ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: