ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនរាងចាល! មុខសញ្ញាចាស់លួចអាគុយតាមរថយន្តចំនួន ២នាក់ ទើបតែចេញពីពន្ធធាគារបានមួយខែ ចេញមកធ្វើសកម្មភាពបែបនេះសារជាថ្មីទៀត

    BY Khmernote Media June 24, 2022
    មិនរាងចាល! មុខសញ្ញាចាស់លួចអាគុយតាមរថយន្តចំនួន ២នាក់ ទើបតែចេញពីពន្ធធាគារបានមួយខែ ចេញមកធ្វើសកម្មភាពបែបនេះសារជាថ្មីទៀត

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់ ទាក់ទងនឹងករណីលួចទ្រព្យសម្បត្តិអ្នកដទៃ(លួចអាគុយពីក្នុងរថយន្ត)ក្នុងនោះគឺ៖

    ១-ឈ្មោះ ស៊ាន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
    ២-ឈ្មោះ នូ ចាន់ណា ហៅ ឆាង ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

    សម្ភារ៖ ដកហូតមាន អាគុយ៧០អំពែពណ៌ទឹកប៉ិចចំនួន០១។ សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈឿន សុផា ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានប្តឹងចូលមកសមត្ថកិច្ចនគរបាលថាមានករណីអំពើលួច យកអាគុយពីក្នុងរថយន្តរបស់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងមិនប្រាកដខណៈដែលខ្លួនទុករថយន្តទូរីសមួយគ្រឿងនៅចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ក្រោយពេលទទួលពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលផ្តើមធ្វើការស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញា បាននិងឃាត់ខ្លួនដោយដកហូតបានអាគុយនោះតែម្តង។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយទាំង ពីរនាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកអាគុយរថយន្តរបស់ជនរងគ្រោះនៅចំណុច កើតហេតុខាងលើពិតប្រាដកមែន។

    លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា មុខសញ្ញាជាជនសង័្សយខាងលើ ធ្លាប់បានធ្វើសកម្មភាព លួចយកអាគុយរថយន្តជាច្រើនលើក ច្រើនសារណាស់មកហើយ ដែលកន្លងទៅ សមត្ថកិច្ចនគរបាលធ្លាប់បានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត បាត់ដំបង អនុវត្តទោសទៅតាមផ្លូវច្បាប់ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនរូបគាត់ក្នុងករណីដូចគ្នានេះ រៀបចំសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោស តាមច្បាប់ ហើយរហូតដល់ឆ្នាំ២០២២នេះ មុខសញ្ញាទើបចេញពីពន្ធនាគារបានត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ ក៏ផ្តើមធ្វើសកម្មភាពបែបនេះសារជាថ្មីទៀតដោយមិនមានការកែប្រែកំហុសឡើយ។

    នៅពេលនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯអាគុយជាវត្ថុតាងបានប្រគល់ជូនទៅជនរងគ្រោះវិញហើយ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: