ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អង្វរកដោយទទូចឱ្យប្រជាពលរដ្ឋមកទទួលនូវវ៉ាក់សាំងដូសទី៣ ដែលនៅសេសសល់មានចំនួនជាង៥ លាននាក់ទៀត

BY
srey nuch
June 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ និងអង្វរកដោយទទូចឱ្យប្រជាពលរដ្ឋមកទទួលនូវវ៉ាក់សាំងដូសទី៣ ដែលនៅសេសសល់ចំនួនប្រមាណជាង៥លាននាក់ទៀត ដើម្បីបញ្ចៀសនូវហានិភ័យគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ សម្រាប់ផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូននៅពេលខាងមុខ។

ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា គិតមកដល់ពេលនេះមានរយៈពេល៥១ថ្ងៃហើយ ដែលកម្ពុជាពុំមានការឆ្លងនូវជំងឺកូវីដ១៩។ នេះគឺជាជោគជ័យមួយក្នុងចំណោមជោគជ័យ ដែល ព្រះរាជាណាចក្រកម្ពុជាទទួលបាន។ អ្វីដែលសំខាន់នោះយើងបានទប់ស្កាត់ មិនឱ្យមានមនុស្សស្លាប់ដោយសារកូវីដ អស់រយៈពេលជាច្រើនខែមកហើយៗ ចុងក្រោយនេះយើងក៏បានរួមគ្នាទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលនៃកូវីដតទៅទៀត ដែលយើងអាច និយាយបានថា «សូន្យកូវីដរយៈពេល៥១ ថ្ងៃ» កន្លងផុតទៅហើយ។ សម្ដេចតេជោគូសបញ្ជាក់ថា ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ គឺផ្ដើមចេញពីការរួបរួមគ្នានៃជនរួមជាតិ មិនថាជាតិសាសន៍ សាសនា ឬជំនឿលើនិន្នាការនយោបាយ សម្រាប់គណបក្សនយោបាយណានោះទេ។

សម្ដេចតេជោបន្តថា យើងបានរួមគ្នាធ្វើកិច្ចការដ៏ល្អ ដែលបង្កើតបានភាពស៊ាំសហគមន៍ ដែលមុនដំបូងយើងក៏ត្រូវរម្លឹកពីវិធានការ «បីកុំ បីការពារ» ដែលវាបាននិងកំពុងស្ថិត នៅជាមូលដ្ឋានសំខាន់ សម្រាប់អនាគតរបស់យើង បើទោះបីថាពេលនេះមានការអនុវត្តន៍ខ្លះ និងមិនមានការអនុវត្តខ្លះ។ ការប្រឹងប្រែងទាំងអស់នេះ បាននាំមកនូវការបើកសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងមានការកើនឡើង ប្រាក់ចំណូលជាតិក៏មានការកើនឡើង ជាមួយនិងអ្នកជំងឺដែលមិនសូវមាន ធ្វើឱ្យការចំណាយទៅលើការព្យាបាលកូវីដ ត្រូវបានថយចុះ ដែលជាការកាត់បន្ធូបន្ថយនូវស្ថានភាពដ៏លំបាករបស់យើង។ ភាពស៊ាំសហគមន៍បានមកពីការចាក់វ៉ាក់សាំង បានបង្កើតនូវស្ថានភាពល្អប្រសើរ មិនឱ្យមានមនុស្សស្លាប់ និងឆ្លងជំងឺតទៅទៀត។ សម្ដេចតេជោថ្លែងទៀតថា ប៉ុន្តែភាពស៊ាំសហគន៍នេះ គឺនៅមិនទាន់គ្រប់គ្រាន់នូវឡើយទេ ដោយសារតែមកដល់ពេលនេះចំនួនប្រជាពលរដ្ឋរបស់យើងដែលបានចាក់វ៉ាក់សាំងដូសទី៣ ទើបនឹងបានចំនួនជាង៩លាននាក់ បើប្រៀបធៀបនឹង១៥លាននាក់ ដែលនឹងត្រូវទទួលដូសទី៣។ យើងនៅសល់ប្រជាពលរដ្ឋជាង៥លាននាក់ទៀត ដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី៣នៅឡើយ។ សម្រាប់អ្នកចាក់ដូស ទី៤ គឺបានជាង២លាននាក់ និងចាក់ដូសទី៥ បានជាង២០ម៉ឺននាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា« អ្វីដែលជាកង្វល់របស់សម្ដេច ហើយសម្ដេចក៏សូមអំពាវនាវចំពោះជនរួមជាតិនោះ គឺការចាក់វ៉ាក់សាំងដូសទី៣ ដែលប្រជាពលរដ្ឋរបស់យើងមិនទាន់បានទទួលនូវឡើយ ដែលនោះគឺជាចន្លោះប្រហោងនៃការវ៉ៃលុកនៃកូវីដ១៩ សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ដែលជាការធានានូវភាពស៊ាំសហគមន៍ និងភាពស៊ាំសម្រាប់បុគ្គលម្នាក់ៗ»។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលនូវដូសទី៣ ត្រូវស្វះស្វែងទៅទទួលដូសទី៣ ព្រោះបញ្ហាវាមិនលំបាកសម្រាប់វ៉ាក់សាំងទេ តែអ្វីដែលជាការលំបាកគឺបងប្អូនមិនព្រមមករកវ៉ាក់សាំងតែម្ដង។ នេះជាបញ្ហាដែលអាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ។ សម្ដេចតេជោ ក៏បានអំពាវនាវដោយទទូចសម្រាប់ប្រជាពលរដ្ឋទាំអស់ ទាំងចាស់ក្មេង ប្រុសស្រី គ្រប់ជាតិសាសន៍ សាសនា និងគ្រប់និន្នាការនយោបាយ ចូលរួមទទួលយកវ៉ាក់សាំងដូសទី៣ ដើម្បីធានានូវភាពស៊ាំសហគមន៍ ។ ជាមួយនោះបងប្អូនដែលបានទទួលដូសទី៣ រួចហើយ សូមអញ្ជើញទៅទទួលដូសទី៤ ហើយមន្ត្រីជួរមុខដែលត្រូវទទួលដូសទី៥ ក៏ត្រូវរួសរាន់ដើម្បីទៅទទួលយកដូសទី៥ ដើម្បីធានាថា ភាពស៊ាំសហគមន៍ នឹងកើតមានទៅលើរាងកាយរបស់យើង ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍របស់យើងតែម្ដង។

សម្ដេចតេជោក៏បានមានប្រសាសន៍អង្វរក ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី៣ ចំនួនជាង៥លាននាក់ ត្រូវទៅទទួលនូវវ៉ាក់សាំង ហើយសម្ដេចបានស្នើឱ្យអាជ្ញាធរខេត្ត រាជធានី រៀបចំទីតាំងបង្កលក្ខណៈងាយស្រួល និងបង្កើតនូវក្រុមចុះចាក់វ៉ាក់សាំង ទៅតាមភូមិ តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយគាត់គ្មានលទ្ធភាពដើម្បីធ្វើដំណើរមកកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលយើងរៀបចំជូន។ ជាងនេះទៀត សម្ដេចតេជោក៏បានស្នើឱ្យគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅ ទូទាំងប្រទេស ពិនិត្យសិក្សា អំពីថាតើ អ្នកដែលមិនទាន់ទទួលនូវវ៉ាក់សាំងដូសទី៣ ស្ថិតនៅតំបន់ណាច្រើនជាងគេ។ ធ្វើយ៉ាង នេះទើបអាចដឹងបាន និងរៀបចំផែនការសម្រាប់ពង្រាយក្រុមគ្រូពេទ្យ និងពង្រាយទីតាំងសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣។ ទន្ទឹមនេះដែរ គ្រប់ខេត្ត រាជធានី ត្រូវសិក្សាថា អ្នកដែលមិនទាន់ចាក់ដូសទី៣ ស្ថិតក្នុងប្រភេទណា ជាកម្មករ ជាកសិករ នៅតំបន់ណាពិតប្រាកដ ដើម្បីយើងងាយពង្រាយគ្រូពេទ្យ និងពង្រាយវ៉ាក់សាំងទៅកាន់ទីនោះ។ ធ្វើយ៉ាងដូច្នេះ វាបង្កើតបាននូវចលនា ម្ខាងស្វះស្វែងរកវ៉ាក់សាំង ម្ខាងទៀតគឺការទៅចាក់វ៉ាក់សាំង។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងថា «ខ្ញុំកំពុងតែគិតថា ដោយសារតែបងប្អូនទទួលបាននូវវ៉ាក់សាំងដូសមូលដ្ឋានរួចហើយ ទន្ទឹមគ្នាជាមួយនឹងការពុំមានការស្លាប់ និងការឆ្លង បងប្អូនគិតថា វ៉ាក់សាំងមូលដ្ឋាន២ដូស គឺគ្រប់គ្រាន់»។ សម្ដេចតេជោគូសបញ្ជាក់ថា នេះគឺជាការភ័ន្តច្រឡំមួយដ៏ធំ ដែលអាចបង្កើតនូវហានិភ័យគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ សម្រាប់ផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូននៅពេលខាងមុខ។ ព្រោះវ៉ាក់សាំងអាចអស់ពីខ្លួនយើងរួចទៅហើយ គ្មានអ្វីការពារខ្លួនទៀតទេ ព្រោះគម្លាតពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានមកដល់ពេលនេះ គឺមានគម្លាតរយៈពេលវែងណាស់ទៅហើយ។ ដូច្នេះប្រសិនបើមានការវ៉ៃលុកសារជាថ្មីដោយជំងឺកូវីដ១៩ ប្រាកដណាស់គឺការវ៉ៃលុកនោះ និងតម្រង់ឆ្ពោះទៅរកបុគ្គលដែលមិនទាន់បានទទួល នូវវ៉ាក់សាំងគ្រប់គ្រាន់ ភាពស៊ាំនៅទន់ ខ្សោយ គឺងាយទទួលនិងការរងគ្រោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា បើទោះបីជាកូវីដមិនបានឆ្លង ក៏ប៉ុន្តែកង្វល់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏នៅតែបន្តមាន ព្រោះថាជំងឺច្រើនប្រភេទបានលេចឡើងក្នុងពេលតែមួយ ដូច្នេះជម្រើសដែលល្អជាងគេ គឺការចាក់វ៉ាក់សាំងការពារទុកជាមុន៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: