ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប ទុករយៈពេល១៥ថ្ងៃ ឲ្យរុះរើសំណង់នៅលើដីចំណីផ្លូវចំនួន ៨ខ្សែ ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ យោងតាមចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗនៅលើដីចំណីផ្លូវចំនួន ០៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនានាពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវចំនួន ០៨ខ្សែ ខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯងតាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។ ក្នុងករណី ពុំបានចូលរួមសហការរុះរើតាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
អនុវត្តតាមផែនការថវិកាខេត្តដែលបានអនុម័តរួច រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ០៨ខ្សែ នាពេលខាងមុខដ៏ខ្លី ដូចខាងក្រោម៖
១.ផ្លូវក្រោយវត្តពោធិ៍លង្កា(មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។
២.ផ្លូវសត្តឃាត(សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូកណ្តាលកាត់ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ៦កន្លែង។
៣.ផ្លូវរោងម៉ាស៊ីនទឹកកក(សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទៅកើត ប្រវែង ៨៦០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ១៧២០ម៉ែត្រ។
៤.ផ្លូវភូមិគោកក្រសាំង(សង្កាត់ស្វាយដង្គំ) ចាប់ពីផ្លូវខេត្ត ២៦៧(ច្រកសាន់ប៊ូទិក ដល់ផ្លូវទៅស្ទឹង អាមេរិក) ប្រវែង ៨០០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៥០០ម៉ែត្រ។
៥.ផ្លូវជាតិលេខ ៦ (ចៅសាំងហុក) ទៅត្បូង ប្រវែង ១៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូ កណ្តាលផ្លូវមុខកាត់ ០.៨ម៉ែត្រ។
៦.ផ្លូវជាតិលេខ ៦ (តូតាល់ផ្សារលើ) ទៅដល់ផ្លូវតាអុជ ប្រវែង ៣៦០ ម៉ែត្រ ទទឹង-៧-ម៉ែត្រ និងសាងសង់លូកណ្ដាលផ្លូវមុខកាត់ ០.៨ម៉ែត្រ។
៧.ផ្លូវកៀនកោនីយដ្ឋានម៉ុងឌីយ៉ាល់ទៅជើង ប្រវែង ៧២០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងសាងសង់លូកណ្តាលទ្រូងផ្លូវមុខកាត់ ០.៨ម៉ែត្រ ប្រវែង ៧២០ម៉ែត្រ។
៨.ផ្លូវខាងជើងវត្តត្រាំនាគ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៤៧០ ម៉ែត្រ ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដូចមានភ្ជាប់មកជាមួយនៅខាងក្រោម៖


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall
ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ នឹងមានកម្មវិធីពិសេសជាងបណ្តាឆ្នាំមុនៗ ក្នុងនោះគ្រោងរៀបចំកម្មវិធីប្រមាណជាពីរសម្រាប់បំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកផងដែរ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ក្រោមវត្តមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក។

ឯកឧត្តម សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នេះជាខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាព និងពិសេសមានកម្មវិធីជាច្រើនទៀត។
ឯកឧត្ដមបន្ដថា មានកម្មវិធីចំនួនពីរ គ្រោងរៀបចំធ្វើដើម្បីបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោក ប៉ុន្តែឯកឧត្តមមិនទាន់បញ្ជាក់ថា ជាកម្មវិធីអ្វីនៅឡើយទេ ដោយទុកឱ្យកម្មការងាររៀបចំសិន។ ឯកឧត្ដមបន្ដទៀតថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឱ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។
ជាមួយគ្នានេះ នៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ដោយមានការទទួលស្គាល់ពីអន្តរជាតិ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរម្លឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើងនៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។
ទន្ទឹមនេះ គឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ នៅក្នុងឱកាសនៃពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនូវការត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ដែលនេះជាការបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើន ដោយចង់ឱ្យឃើញវត្តមានព្រឹត្តិការណ៍នេះត្រឡប់មកវិញ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារខ្មែរសារជាថ្មី៕





ប្រភព៖ ក្រសួងព័ត៌មាន