ព័ត៌មានជាតិ

ផ្នូរបញ្ចុះសព ដែលមានអាយុកាលតាំងពី ១៥០០ឆ្នាំ មុនគ្រិស្តសករាជ ត្រូវបានរកឃើញនៅបាត់ដំបង

BY
srey nuch
June 29, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា ល្អាងស្ពានស្ថិតក្នុងចំណោមស្ថានីយ៍បុរេប្រវត្តិសាស្រ្តធំៗនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ប្រតិបត្តិការបុរាណវិទ្យាដឹកនាំដោយបេសកកម្មបុរេប្រវត្តិសាស្រ្តបារាំង-កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌនៃការដ្ឋានអន្តរជាតិ និងមានគោលដៅគូសវាសឡើងវិញនូវដំណាក់កាលនីមួយនៃការរស់នៅរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា រាប់ចាប់ពីមនុស្សយុគថ្មបំបែកដល់យុគថ្មរំលីងនៃវាលទំនាបបាត់ដំបង។

ដោយមានការគាំទ្រពីគណៈកម្មការកំណាយបុរណវិទ្យានៅបរទេស នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង កំណាយខាងលើបាននាំទៅរករបកគំហើញពុំធ្លាប់មានពាក់ព័ន្ធនឹងបួនសម័យកាល៖

– យុគថ្មរំលីង៖ ផ្នូរបញ្ចុះសពចំនួន៦ត្រូវបានរកឃើញ ដោយមានភាជន៍ ថ្មរំលីង អលង្ការ និងគ្រឿងលម្អផ្សេងៗ ដែលស្ថិតក្នុងស្ថានភាពរក្សាទុកបានយ៉ាងល្អ។ មានអាយុកាល១៥០០ឆ្នាំមុនគ្រិស្ត សករាជ ផ្នូរទាំងនេះបង្ហាញឱ្យឃើញថាល្អាងស្ពានត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសារជាកន្លែងបញ្ចុះសពដោយក្រុមកសិករដែលរស់នៅតំបន់វាលទំនាបបាត់ដំបង។

– យុគថ្មបំបែកចុងក្រោយ៖ សំដៅលើអ្នកបរបាញ់-អ្នកប្រមូលអនុផលព្រៃឈើចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ (១១ ០០០ ទៅ៥០០០ឆ្នាំមុនគ្រិស្តសករាជ)។ បរិមាណដ៏ច្រើននៃបំណែកឆ្អឹង និងឧបករណ៍ប្រើប្រាស់ធ្វើឱ្យគេស្គាល់កាន់តែច្បាស់អំពីរបៀបរស់នៅរបស់អ្នកបរបាញ់សម័យបុរេប្រវត្តិសាស្រ្តនៅតំបន់ត្រូពិច។

– យុគសម័យបុរេហាវប៊ីញៀន៖ គេឃើញមានថ្មប្រើប្រាស់បង្កើតផ្លាភ្លើងដើម្បីបង្កាត់ភ្លើងដែលមានអាយុកាលចន្លោះ១១ទៅ ២៦០០០ ឆ្នាំ។

– យុគមុនសម័យកាលបុរេហាវប៊ីញៀន ៖ គេឃើញមានបំណែកថ្មប្រើប្រាស់សម្រាប់ពុះច្រៀកដែលមានលក្ខណៈគ្របទៅដោយផេះ ទំនងបណ្តាលមកពីបន្ទុះភ្នំភ្លើងToba។

ស្ថានីយ៍ល្អាងស្ពានបង្ហាញនូវទិដ្ឋភាពវប្បធម៌នៃរយៈពេលដ៏វែងមួយដែលអាចឱ្យគេកំណត់សារជាថ្មីនូវដំណាក់កាលធំៗរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃកម្ពុជាចាប់តាំងពីពេលកកើត។ ស្ថានីយ៍ល្អាងស្ពានផ្ទុកនូវបណ្តុំព័ត៌មានបុរេប្រវត្តិសាស្រ្តដ៏មានសារសំខាន់ ដោយសារផ្តល់នូវព័ត៌មានដែលខ្វះខាតទាក់ទងនឹងប្រវត្តិដ៏យូរលង់នៃប្រទេសកម្ពុជា ពោលគឺប្រវត្តិសាស្រ្តប្រទេសកម្ពុជាមុនសម័យអង្គរ!

ប្រភព៖ Ambassade de France au Cambodge

Share This Post: