ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ច្រានចោលទាំងស្រុងនូវពាក្យចចាមអារ៉ាមដែលថាកម្ពុជាប្រើប្រាស់វ៉ាក់សាំងកូវីដហួសសុពលភាព

BY
srey nuch
June 30, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលថាកម្ពុជា មានសល់វ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនេកា រហូតដល់ផុតអាយុកាលប្រើប្រាស់នោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នោះជារឿងមិនពិតនោះទេ ដោយក្រុមការងាររបស់ក្រសួងសុខាភិបាលបានតាមដានរឿងនេះច្បាស់លាស់ និងបានហាមមិនឱ្យប្រើវ៉ាក់សាំងហួសសុពលភាពជាដាច់ខាត។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមផងដែរថា កន្លងមកគ.វ.ក១៩ មិនដែលមានសល់វ៉ាក់សាំងក្នុងឃ្លាំងរហូតដល់ហួសសុពលភាពនោះឡើយ មានតែចាក់អស់ៗមុនផុតកំណត់ប្រើប្រាស់។

បន្ថែមពីលើនេះ លោកជំទាវក៏បានបញ្ជាក់ផងដែរថា៖ “រឿងនេះគឺជារឿងប្រឌិត និងមានចរិតបំពុលទៀតហើយ យើងមានការតាមដានយ៉ាងតឹងតែងបំផុតនូវវ៉ាក់សាំងដែលយើងកំពុងប្រើ។ ខ្ញុំសូមនូវការផ្តល់ព័ត៍មានជាក់លាក់បន្ថែម តើគ្រូពេទ្យនៅកន្លែងណា ស្រុកណា ខេត្តណា ហើយគាត់មានឈ្មោះអ្វីដែរ? ដើម្បីខ្ញុំអាចធ្វើការស្រាវជ្រាវបន្ថែមទៀត ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមិនទាន់មានវ៉ាក់សាំងប្រភេទណាដែលនៅសល់ក្នុងឃ្លាំងហួសសុពលភាពប្រើប្រាស់នោះឡើយ”។

សូមបញ្ជាក់ផងដែរថា កម្ពុជាបានទទួល និងកំពុងប្រើប្រាស់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនប្រភេទ រួមមាន៖ វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) វ៉ាក់សាំង ម៉ូដឺនណា (Moderna) និងវ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ហើយគ្រប់វ៉ាក់សាំងទាំងនេះ សុទ្ធតែស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកទាំងអស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: