ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញព្រលែងកូនត្រីនិងត្រីមេពូជ ក្នុងទិវាមច្ឆជាតិ ប្រមាណ១លានក្បាលនៅអាងត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

BY
srey nuch
July 1, 2022

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅក្នុងទិវាមច្ឆជាតិ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីព្រលែងកូនត្រីនិងត្រីមេពូជ ក្នុងទិវាមច្ឆជាតិ ប្រមាណ១ លានក្បាល នៅអាងត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ។

ទិវាមច្ឆជាតិថ្ងៃទី០១ ខែកក្កដា ត្រូវបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។ ប៉ុន្តែពិធីនេះ ត្រូវបានអាក់ខាន ប្រារព្វធ្វើរយៈពេល២ឆ្នាំមកហើយ (២០២០- ២០២១) ដោយសារសភាព ការណ៍ប្រទេសជាតិ ត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសាកលនៅគ្រប់ប្រទេស តែក្រោមការដឹកនាំដ៏ឈ្លាស វៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខបានប្រឹងប្រែងប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ រហូតទប់ស្កាត់បានទាន់ពេលវេលា និងរហូតបើកដំណើរការប្រទេសមានប្រក្រតីភាពឡើង វិញទាំងការស្តារសេដ្ឋកិច្ចសង្គម មានភាពល្អប្រសើរដូចពេលបច្ចុប្បន្ន។

ឆ្នាំនេះ កម្ពុជាប្រារព្ធទិវាមច្ឆជាតិឡើងវិញ ស្របពេលដែលប្រទេសជាតិទើបតែទទួលជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ ។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កូនត្រី និងត្រីមេពូជប្រមាណ ១លានក្បាល ដែលនឹងត្រូវលែងនេះរួមមាន៖ ប្រភេទត្រីឆ្ពិន ត្រីព្រលូង ត្រីកាហែ ត្រីប្រា និងត្រីកន្ធរ។ល។ រួមទាំងប្រភេទវារីសត្វជិតផុតពូជមានដូចជាត្រីគល់រាំង អណ្តើក កន្ធាយ និងកង្កែបជាដើម។ ក្រៅតែពីលែងកូនត្រី និងត្រីមេពូជហើយ ក៏មានលែងកូនបង្កងទឹកសាបជាថ្មីប្រមាណ ២០ម៉ឺនក្បាលបន្ថែមទៀតដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: