ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាវាកងទ័ពជើងទឹកភូមិន្ទថៃមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    BY Khmernote Media July 5, 2022
    នាវាកងទ័ពជើងទឹកភូមិន្ទថៃមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃមួយគ្រឿង មានឈ្មោះ HTMS RATTANAKOSIN (FS-441) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

    ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ដែលដឹកនាំ ដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ នាវានឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។

    ក្នុងការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការទទួលស្វាគមន៍ពីនាយ នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងដោយមានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនគណៈប្រតិភូដោយកងកម្លាំងសមត្ថកិច្ច នៃខេត្តព្រះសីហនុ។

    សូមបញ្ជាក់ថា នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ HTMS RATTANAKOSIN (FS-441) មានបណ្ដោយ ៧៦,៧ម៉ែត្រ ទទឹង ៩,៦ម៉ែត្រ ជម្រៅទឹក ៥ម៉ែត្រ ទម្ងន់ផ្ទុក ៩៥៨,៩ តោន និងមាននាវិកសរុបចំនួន ៩២នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: