សម្តេចតេជោហ៊ុនសែនជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម ASEAN Para-Games លើកទី ១១ នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២២ នេះ នាវិមានសន្តិភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាជនពិការកម្ពុជាចំនួន ១១ ប្រភេទកីឡា ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាASEAN PARA GAMES នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាអ្នកឧបត្ថម្ភទាំងស្រុងដល់អត្តពលិកកីឡាកម្ពុជាទាំងអស់ ហើយ ព្រឹត្តិការណ៍លើកនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកីឡាជនពិការកម្ពុជា ដ៏មានសក្ដានុពលខ្លាំងទាំង ១១ ប្រភេទកីឡានេះទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ីនេះ។
បើតាមរបាយការណ៍របស់លោក យី សុភក្រ្តា នាយបេសកកម្មរងដឹកនាំប្រតិភូកីឡាជនពិការកម្ពុជាចូលរួមប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (ASEAN PARA Games) លើកទី១១ ឱ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំកីឡាចំនួន ១១ប្រភេទ សម្រាប់ព្រឹត្តិការណ៍ ASEAN Para Games លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី សរុប ១៦៦នាក់ ។ ក្នុងនោះមានអត្តពលិក ១១៥នាក់ និងប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយចំនួន ៣៩នាក់ មន្ត្រីបច្ចេកទេសចំនួន ៧នាក់ និងប្រតិភូជាតិចំនួន ៥នាក់ ដែលតាមការគ្រោងទុកប្រតិភូកីឡាប៉ារ៉ាហ្គេមកម្ពុជា នឹងចេញដំណើរនៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះ។
ចំពោះប្រភេទកីឡាទាំង ១១នោះ រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះបុរស និងនារី បាល់បោះទេះបុរស និងនារី បាល់ បោះជនពិការ បាល់ទាត់ម្ខាង៧នាក់ វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងបូស្យា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១១ ត្រូវបានប្រទេសឥណ្ឌូនេស៊ី ស្នើសុំធ្វើជាម្ចាស់ផ្ទះជំនួសក្រោយវៀតណាម សម្រេចលុបចោល។ ការប្រកួតនឹងប្រព្រឹត្តទៅ ថ្ងៃទី៣០ ខែកក្កដា ដោយថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមាន ១៤ វិញ្ញាសាកីឡា ហើយអត្តពលិក ប្រតិភូ និងគ្រូបង្វឹកជាង ២,០០០ នាក់ នៅទូទាំងតំបន់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គួររម្លឹកថា ក្នុងព្រឹត្តិការណ៍ ASEAN Para Games លើកទី១០នៅឆ្នាំ២០១៩ ការប្រកួតដែលគ្រោងធ្វើឡើងនៅប្រទេសហ្វីលីពីន ត្រូវបានខកខានដោយសារតែវិបត្តិជំងឺកូវីដ១៩។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាយសរុបចំនួន១០ គឺមេដាយប្រាក់ ៥ និង មេដាយសំរឹទ្ធ ៥ ៕


ប្រភព៖ ក្រសួងព័ត៌មាន