លំអិតករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅអស់ចំនួន ១៨ខ្នង នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង១៥នាទី នៅចំណុចក្រុម ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានគ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពរដ្ឋចំនួន ១៨ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤ខ្នង និងឆេះរោល ៤ខ្នង។

តាមការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក បានបញ្ជាឱ្យរថយន្តអគ្គិភ័យនៅក្នុងបរិវេណស្នងការដ្ឋាន បូករួមជាមួយរថយន្តអគ្គិភ័យនៅតាមបណ្តាស្រុកពាក់ព័ន្ធ សរុបចំនួន ០៧ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ២៤ រថយន្ត ដោយមានការសហការពីសមត្ថកិច្ចក្នុងស្ថាប័នពាក់ព័ន្ធអាជ្ញាធរពាក់ព័ន្ធរួមនឹងមហាជនយ៉ាងច្រើនកុះករផងនោះ រហូតដល់ម៉ោង ២២និង ៤០ នាទី ទើបគ្រោះអគ្គិភ័យនេះ ត្រូវបានពន្លត់អស់ទាំងស្រុង។
ក្នុងគ្រោះអគ្គិភ័យនេះ មិនមានអ្នករងគ្រោះថ្នាក់ ដោយរបួស ឬ បាត់បង់អាយុជីវិតនោះទេ រហូត មកដល់ព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញអគ្គិភ័យ កំពុងសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានរួមជាមួយជន រងគ្រោះដោយអគ្គិភ័យផងដើម្បីសិក្សាស្វែងរកការវាយតម្លៃអំពីមូលហេតុដែលនាំឱ្យកើតគ្រោះអគ្គិភ័យនេះនិងវាយតម្លៃអំពីទំហំនៃការខូចខាត ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។
ជាមួយគ្រោះអគ្គិភ័យដ៏កាចសាហាវនេះ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមចូល រួមសោកស្តាយចំពោះការបាត់បង់នូវទ្រព្យសម្បត្តិរបស់ជនរងគ្រោះ និងសូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ម្ចាស់គ្រឹះស្ថាន ម្ចាស់ឃ្លាំងស្តុកសម្ភារ និងគ្រប់អង្គភាពស្ថាប័ន នៅក្នុងខេត្តបាត់ដំបង សូមមេត្តាចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ បំផុតចំពោះបញ្ហាគ្រោះអគ្គិភ័យនេះព្រោះថាបញ្ហាអាក្រក់បែបនេះនឹងអាចកើតមានឡើងតែមួយវិនាទីប៉ុណ្ណោះក្នុងករណីដែលមានការធ្វេសប្រហែស ជាពិសេសសូមយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ខ្សែបណ្តាញ ចរន្តអគ្គិសនី ភ្លើងជើងក្រាន ភ្លើងទៀន ធូប និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ចំពោះវិធានការបង្ការ ដោយប្រើប្រាស់បំពង់ពន្លត់ អគ្គិភ័យដែលធានាគុណភាព ឬមធ្យោបាយផ្សេងៗទៀត ដែលមានសារៈសំខាន់ ក្នុងការពន្លត់អគ្គិភ័យបឋម មុនពេលរថយន្តអគ្គិភ័យ ចេញទៅជួយអន្តរាគមន៍។
ក្រៅពីនេះសូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដូចខាងក្រោមក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង៖
-លេខរបស់ក្រុមអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 017 448 348 និងលេខ 016 717 129
-លេខប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង នៅស្នងការដ្ឋាន 117
-097 778 0014 ៕










