ព័ត៌មានជាតិ

កកស្ទះចរាចរណ៍នៅម្ដុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ដោយសារម្ចាស់រថយន្តកែចង្កូតពីស្ដាំទៅឆ្វេងរួច ឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលមិនទាន់កែចង្កូត ត្រូវតែកែ​ចង្កូត​ដូចខ្លួនដែរ

BY
srey nuch
July 7, 2022

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពចរាចរណ៍នៅម្ដុំផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តកណ្ដាល ជាមួយខេត្តកំពង់ស្ពឺ មានការកកស្ទះ ដោយសារមានការប្រមូលផ្ដុំគ្នា តវ៉ាពីសំណាក់ម្ចាស់រថយន្ដធុនធំ ដែលបានកែចង្កូតពីស្ដាំទៅឆ្វេងរួចរាល់។

រហូតមកដល់ពេលនេះ ម្ចាស់រថយន្ដធុនធំប្រមាណ៤០គ្រឿង បានប្រមូលផ្ដុំគ្នាតវ៉ានៅម្តុំផ្សារថ្នល់ទទឹង ហើយបម្រុងបិទចរាចរណ៍នៅតំបន់នោះ ដូច្នេះហើយស្ថានភាពចរាចរណ៍នៅពេលនេះ មានការកកស្ទះជាងសព្វមួយដង។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅគោលដៅនោះទាំងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល កំពុងតែសម្រួលចរាចរណ៍ ដើម្បីកុំឲ្យមានផលរំខានធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមដងផ្លូវ។ ជៀសវាងការប្រឈមជាមួយនឹងការកកស្ទះចរាចរណ៍ អាជ្ញាធរ និងសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ អាចរកផ្លូវវាងបណ្ដោះអាសន្នសិន។

ពាក់ព័ន្ធការតវ៉ានេះ បានឲ្យដឹងថា ពួកគាត់ចង់ឲ្យម្ចាស់រថយន្ដចង្កូតស្ដាំ ដែលមិនទាន់បង់ពន្ធនោះ ត្រូវកែចង្កូតមកឆ្វេង រួចបំពេញកាតព្វកិច្ចបង់ពន្ធដូចពួកគាត់ដែលបានធ្វើនាពេលកន្លងមកផងដែរ ព្រោះកាលនោះពួកគាត់បានចំណាយថវិកាច្រើនលើការកែចង្កូតពីស្ដាំមកឆ្វេង។ ម្យ៉ាងទៀតពួកគាត់ថា នៅពេលរថយន្តកែចង្កូតមកឆ្វេងរួចហើយនោះ គឺលក់បានតម្លៃថោកជាងកាលមិនទាន់កែ។

សូមបញ្ជាក់ផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលមានស្រាប់ មិនបាច់កែចង្កូតមកឆ្វេងនោះទេ ពោលគ្រាន់តែបំពេញកាតព្វកិច្ចបង់ពន្ធជាការស្រេច។ ការផ្ដល់ការអនុគ្រោះពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រុមម្ចាស់រថយន្ដទាំងនោះ បានប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិម្ដុំរង្វង់មូលគួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

Share This Post: