ព័ត៌មានជាតិ

ក្រុមជញ្ជីងចល័ត ចុះរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់នៅតំបន់ព្រំដែនខេត្តបាត់ដំបង

BY
srey nuch
July 8, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះធ្វើការពង្រឹង ការដឹកជញ្ជូនលើសទម្ងន់ នៅតាមបណ្តាស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ដូចជាស្រុក សំពៅលូន ស្រុកកំរៀង និង ស្រុកភ្នំព្រឹកជាដើម ស្របពេលដែលកសិករកំពុងប្រមូលផលពោតដើមដៃ ។

លោក ហេង ប៊ុនលី ប្រធានការិយាល័យ ដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមជញ្ជីងចល័តក្រសួងបានចុះមកត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ទូទៅ នៅបណ្តាស្រុកជាប់ព្រំដែន ខេត្តបាត់ដំបង ដោយសហការជាមួយក្រុមស្ថានីយជញ្ជីងខេត្តបាត់ដំបង និង ជំនាញ អធិការស្រុកនៅមូលដ្ឋាន។ លោកបានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ បានរកឃើញរថយន្តថៃបីគ្រឿង ដឹកជញ្ជូនកសិផលលើសទម្ងន់ ដែលដឹកឆ្លងកាត់ផ្លូវស្រុកភ្នំព្រឹក ចូលទៅប្រទេសថៃ តាមច្រកតំបន់អូររំដួល។

លោកបន្ថែមថា រថយន្តថៃបីគ្រឿងនេះ ដឹកលើសទម្ងន់កម្រិតធ្ងន់ធ្ងរ ដែលដឹកដល់៧៥តោន, ៧៨តោន, និង ៩០តោន តាមច្បាប់យើងឲ្យដឹកតែ៤០តោនទេ ចំពោះរថយន្តភ្លៅ៥ (វ៉េអង) គឺត្រូវផាកពិន័យ១តោន ៣០ម៉ឺនរៀល ហើយម្ចាស់ រថយន្តទាំងបីគ្រឿងយល់ព្រម ទទួលកំហុស ហើយយល់ព្រមតាមការផាកពិន័យតាមច្បាប់ និង ធ្វើកិច្ចសន្យាឈប់ដឹកលើសទម្ងន់តទៅទៀត បើនៅដឹកលើសទម្ងន់ទៀត គេសុខចិត្តឱ្យមន្រ្តីជំនាញធ្វើការផាកពិន័យ និងអនុវត្តន៍តាមច្បាប់ ជាធរមានមិនលើកលែងឡើយ។

ទោះបីយ៉ាងណា ការចុះពង្រឹងការដឹកលើសទម្ងន់លើរថយន្តដឹកកសិផលនៅតំបន់ស្រុកព្រំដែននេះ ក៏មានការលើកឡើង ពីប្រជាពលរដ្ឋនិងម្ចាស់សៃឡូនេះថា វាអាចធ្វើឱ្យតម្លៃកសិផលធ្លាក់ថ្លៃ ដោយហេតុថា ក្រុមឈ្មួញថៃ អាចរារែកក្នុងការចូលមកដឹកកសិផលខ្មែរ។

អ្នកស្រី ឈួយ សាវឿង អាយុ ៣២ឆ្នាំ និងកសិករផ្សេងទៀត រស់នៅស្រុកភ្នំព្រឹក ដែលកំពុងប្រមូលផលពោតចំនួន ២៥រ៉ៃ បានឲ្យដឹងថា តម្លៃពោតធ្លាក់ថ្លៃពីរថ្ងៃហើយ គឺធ្លាក់ពីមួយគីឡូ ៦,១បាត មកត្រឹម៥,៥បាតប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា ការធ្លាក់នេះខ្ញុំឃើញគេបង្ហោះលើបណ្តាញសង្គមថាមកពីក្រុមជញ្ជឹងចល័ត ចាប់រថយន្តថៃដឹកពោតលើសទម្ងន់ ធ្វើឱ្យគេលែងហ៊ានចូលដឹកទើបធ្វើឲ្យធ្លាក់ថ្លៃ។

ម្ចាស់សៃឡូធំមួយនៅស្រុកភ្នំព្រឹកឈ្មោះ ប៉ែន គឹមលី បានឲ្យដឹងថា ចាប់តាំងពីក្រុមជញ្ជីងចល័តចុះមកចាប់រថយន្តថៃបីគ្រឿង ផាកអស់មួយគ្រឿង១៥លានរៀល និង ពីរគ្រឿងទៀតអស់មួយគ្រឿង១២លានរៀលមក អាចធ្វើឲ្យខាងឈ្មួញថៃគេរារែក ក្នុងការចូលមកទិញកសិផលយើង។ ម្ចាស់សៃឡូ បន្ថែមថា ឈ្មួញថៃគេបង់ក្បាលឡានឲ្យភាស៊ីថៃអស់ជាងមួយម៉ឺនបាត និងភាស៊ីខ្មែរ ប៉ុន្មានម៉ឺនរៀលទៀត ក្នុងមួយក្បាលឡាន ទើបអាចចូលដឹកក្នុងទឹកដីកម្ពុជាបាន ដូច្នេះ ដើម្បីចំណេញគេត្រូវដឹកដាក់ឲ្យពេញ ៥០តោន ឬ៥៥តោនអី ទើបរត់រួច។ អ្នកស្រីស្នើឱ្យមានការបន្ធូរបន្ថយ នៅពេល ដែលកសិករកំពុងប្រមូលផលនេះ។

លោក នូវ រិទ្ធី អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជញ្ជីងចល័តនេះគេដាក់តាមបណ្តាស្រុកនៅជាប់ព្រំដែនខេត្តបាត់ដំបងនេះ គេបានដាក់នៅ ស្រុកកំរៀង ស្រុកសំពៅលូន តែទើបមានប្រតិកម្មពីកសិករដាំពោតនៅស្រុកភ្នំព្រឹកនេះ ហើយក៏មានការបង្ហោះរិះគន់ផងដែរ។

លោកបន្ថែមថា ក្នុងនាមអាជ្ញាធរលោកបានយកសំណូមពរពីកសិករ ពីរចំណុច ស្នើទៅឲ្យមន្រ្តីជំនាញដែលចុះមកដាក់ជញ្ជីង ផាកពិន័យ នេះទីមួយគឺ ដើមរដូវប្រមូលផលនេះគាត់ចង់ឱ្យមានការបន្ធូរបន្ថយ បើចុះមកចាប់ដូច្នេះ ធ្វើឲ្យឈ្មួញថៃលែងហ៊ានយក រថយន្តចូលមកដឹក និង ទីពីរ ការដាក់ជញ្ជឹងនេះធ្វើឲ្យតម្លៃពោត ធ្លាក់ថ្លៃច្រើនពីរថ្ងៃមកនេះ។ លោកបញ្ជាក់ថា អាជ្ញាធរនៅរង់ចាំ ចម្លើយពីខាងមន្រ្តីជំនាញពីការសំណូមពររបស់ពលរដ្ឋនេះ ហើយខាងអាជ្ញាធរចង់បានដំណោះស្រាយឈ្នះៗទាំងអស់គ្នាប៉ុណ្ណោះ ។

លោកអភិបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា បច្ចុប្បន្ននេះស្រុកភ្នំព្រឹកទើបតែប្រមូលផលពោតដើមរដូវប៉ុណ្ណោះ ដែលមានប្រហែល ៣ពាន់ហិកតា និង មានពោតត្រូវប្រមូលផលខែបន្ទាប់រាប់ពាន់ហិកតាទៀតតាមរដូវរបស់វា ដែលពលរដ្ឋគាត់ដាំ បន្តបន្ទាប់គ្នា។

លោក ហេង ប៊ុនលី ប្រធានការិយាល័យ ដឹកជញ្ជូននៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានឆ្លើយតបថា ការផាកពិន័យលើរថយន្តដឹកលើសទម្ងន់វាមិន ប៉ះពាល់ដល់តម្លៃទីផ្សារនោះទេ ព្រោះតម្លៃទីផ្សារ វាស្ថិតលើឈ្មួញនិងកសិករ ដែលជាម្ចាស់កសិផលប៉ុណ្ណោះ។

មន្រ្តីខាងលើបន្ថែមថា មន្រ្តីជំនាញមិនអាចធ្វើតាមសំណូមពររបស់ពួកគាត់ឲ្យបន្តដឹកលើសទម្ងន់បាននោះទេ គឺ ត្រូវតែបន្តអនុវត្តន៍ តាមច្បាប់កំណត់ ព្រោះផ្លូវថ្នល់វាជាផលប្រយោជន៍ប្រជាជនទូទៅ មិនមែនប្រយោជន៍តែស្រុកភ្នំព្រឹកមួយទេ។ ដោយលោក លើក ឧទាហរណ៍ថា « យើងអនុគ្រោះឲ្យគាត់ហ្នឹងមួយ វាមិនមែនបំផ្លាញផ្លូវថ្នល់ត្រង់កំណាត់ផ្លូវស្រុកភ្នំព្រឹកមួយនោះទេ បើបើកឱ្យគាត់ ដឹកចូលតាមច្រកហ្នឹងបាន គាត់ដឹកតាំងពីខេត្តណា ខេត្តណីមក សម្រុកមកផ្លូវហ្នឹង វាបំផ្លាញផ្លូវរាប់រយគីឡូម៉ែត្រ » ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: