ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពីបញ្ហាសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ

    BY Khmernote Media July 8, 2022
    ក្រសួងប្រៃសណីយ៍ ជូនដំណឹង ស្ដីពីបញ្ហាសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក ក.ប.ទ. បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅផ្ទៃក្នុងនៅគ្រប់អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។

    ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពលើការប្រមូលចំណូលនិងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

    បន្ថែមពីលើនេះ ក.ប.ទ. បានចាត់ទុកការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យលើផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួននៅមិនទាន់កែលំអឱ្យបានល្អប្រសើរនៅឡើយ ដូចជា បញ្ហាគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត។ ដើម្បីដោះស្រាយបញ្ហានេះ ក.ប.ទ. បានសិក្សា ស្រាវជ្រាវ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដោយកំណត់មូលហេតុមួយចំនួន ដែលបណ្តាលឱ្យគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតរអាក់រអួល ឬដំណើរការមិនបានល្អ ឬគ្មានសេវា ដូចខាងក្រោម៖

    ក. បញ្ហាសេវាទូរសព្ទចល័ត៖
    ១-ប្រតិបត្តិករទូរសព្ទចល័តមួយចំនួននៅបន្តប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ដែលមិនទាន់ធ្វើទំនើបកម្មឱ្យទាន់បច្ចេកវិទ្យាតាមស្តង់ដារ នៅតាមស្ថានីយមួយចំនួន។
    ២-ការវិនិយោគបន្ថែមដោយប្រតិបត្តិករមួយចំនួនលើការកែសម្រួល ការបង្កើនសមត្ថភាព និងការសាងសង់ស្ថានីយអង់តែនបន្ថែម នៅមានកម្រិតនៅឡើយ ដែលមិនស្របនឹងកំណើននៃចំនួនអ្នកប្រើប្រាស់តាមតំបន់នៃស្ថានីយអង់តែនទាំងនោះ។
    ៣-កំណើននៃសំណង់អគារខ្ពស់ៗ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យទីតាំងម្ខាងទៀតនៃអគារដែលពុំមានស្ថានីយអង់តែន ពុំអាចទទួលសេវាបានល្អ ដូចនេះ ប្រតិបត្តិករត្រូវសាងសង់ស្ថានីយអង់តែននៅម្ខាងទៀតនៃអគារ។ ចំណែកផ្ទៃខាងក្នុងនៃអគារ សេវាត្រូវបានបាត់បង់យ៉ាងតិច ៣០-៤០% ដែលទាមទារឱ្យមានការបំពាក់ប្រព័ន្ធអាយប៊ីអេស (In-Building Solution) នៅក្នុងអគារ ប៉ុន្តែខាងក្នុងអគារភាគច្រើនពុំបានធ្វើដូច្នោះទេ។
    ៤-ក្នុងពេលដែលប្រតិបត្តិករបាននិងកំពុងបន្តវិនិយោគបន្ថែម ដើម្បីធានាគុណភាពសេវា ក៏មានកំណើនយ៉ាងគំហុកនៃការប្រើប្រាស់សេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតផងដែរ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
    ៥-បើទោះបីជាមានស្ថានីយអង់តែនដែលអាចផ្តល់សេវាគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែដើម្បីសន្សំការចំណាយ ប្រតិបត្តិករមួយចំនួនអាចបន្ថយចំណុះសមត្ថភាពនៃឧបករណ៍បញ្ជូននិងទទួលសេវា។
    ៦-ស្ថានីយអង់តែនជាច្រើនបំពាក់ឧបករណ៍ដែលគ្មានការទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ឬឧបករណ៍កែច្នៃដែលមិនស្របតាមស្តង់ដាបច្ចេកទេស។
    ៧-នៅតាមបណ្តោយផ្លូវជាតិ ឬនៅតាមបណ្តាខេត្ត ស្ថានីយអង់តែនភាគច្រើនត្រូវបានសាងសង់ នៅតែតំបន់ទីប្រជុំជន ដោយពុំបានសាងសង់នៅចន្លោះតំបន់ទីប្រជុំជន។
    ៨-ដើម្បីបង្កើនសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋមួយចំនួនបានដំឡើងឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ដោយខ្លួនឯង ដែលឧបករណ៍នេះត្រូវបាននាំចូលដោយខុសច្បាប់ និងពុំមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ដែលបណ្តាលឱ្យមានការឆ្លងរំខានសេវានៅតំបន់ជុំវិញខ្លួនរស់នៅ។
    ៩-ការនាំចូលទូរសព្ទមួយទឹកដែលគ្មានគុណភាព ឬទូរសព្ទដែលពុំមានវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទពី ន.ទ.ក. និងខុសពីស្តង់ដាបច្ចេកទេស ឬទូរសព្ទក្លែងក្លាយ។
    ១០-សេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតនៅកម្ពុជាមានតម្លៃទាប ធៀបនឹងតម្លៃសេវាទូរសព្ទនៅបណ្តាប្រទេសក្នុងតំបន់។
    ១១-ប្រតិបត្តិករបានដាក់ចេញនូវកញ្ចប់ដូរលុយដែលផ្ដល់ចំណុះសមត្ថភាពអ៊ីនធឺណិតច្រើនលើសលុប ធ្វើឱ្យអ្នកប្រើប្រាស់ប្រើដោយសេរី ដែលលើសពីតម្រូវការជាក់ស្តែង ជាអាទិ៍ ការមើលវីដេអូតាមយូធូប (YouTube) និងបណ្ដាញសង្គមផ្សេងៗ ការលេងហ្គេមអនឡាញ ការទាញយកទិន្នន័យ (Download) និងកំណើននៃការប្រើប្រាស់សេវាអ៊ីនធឺណិតនានា ដែលនាំឱ្យមានភាពកកស្ទះនិងលើសពីចំណុះសមត្ថភាពផ្គត់ផ្គង់។

    ខ.បញ្ហាសេវាអ៊ីនធឺណិត៖
    ១.សមត្ថភាពសេវាអ៊ីនធឺណិតមិនគ្រប់គ្រាន់ដោយសារ៖ ១) អ្នកប្រើប្រាស់ទិញសេវាអ៊ីនធឺណិតដែលមានចំណុះសមត្ថភាពសម្រាប់ឧបករណ៍ ១-២ តែប្រើរហូតដល់ ៤-៥ ឧបករណ៍ក្នុងពេលតែមួយ និង/ឬ ២) ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតផ្គត់ផ្គង់ចំណុះសមត្ថភាពមិនគ្រប់តាមចំនួនដែលអ្នកប្រើប្រាស់បានចុះកិច្ចសន្យាទិញ។
    ២.ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតដំឡើងនិងប្រើប្រាស់ខ្សែកាបអុបទិកនិងគ្រឿងសម្ភារៈបរិក្ខា ពុំមានគុណភាពនិងពុំស្របតាមស្តង់ដាបច្ចេកទេស។
    ៣.ការអភិវឌ្ឍនិងការស្ថាបនាកែលំអផ្លូវជាតិ ផ្លូវក្រុង និងផ្លូវទីប្រជុំជន បណ្តាលឱ្យប៉ះពាល់ដល់ខ្សែកាបអុបទិកនៅតាមបណ្តោយដងផ្លូវទាំងនោះ។
    ៤.ក្នុងរយៈពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិតមានការកើនឡើងប្រមាណ ៥០% ក៏ប៉ុន្តែការវិនិយោគលើការពង្រីកបណ្តាញរបស់ប្រតិបត្តិករនៅមានកម្រិតនិងមិនឆ្លើយតបតាមកំណើនដ៏គំហុកនេះ។

    គ.បញ្ហាសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតនៅតាមបុរី៖
    ១.ការកើនឡើងយ៉ាងគំហុកនៃការអភិវឌ្ឍបុរី ដោយគ្មានមាត្រដ្ឋានបច្ចេកទេសច្បាស់លាស់និងត្រឹមត្រូវ ឬមិនបានលៃទុកទីតាំងសម្រាប់ដំឡើងស្ថានីយអង់តែនក្នុងបុរី។ បុរីខ្លះទៀត មានការប្តឹងតវ៉ាមិនឱ្យសាងសង់ស្ថានីយអង់តែន ដោយលើកយកហេតុផលពុំសមស្រប ដូចជា ខ្លាចប៉ះពាល់ដល់សុខភាព ឬប៉ះពាល់ដល់តម្លៃអចលនទ្រព្យ។
    ២.បុរីមួយចំនួនត្រូវបានសាងសង់ ដោយពុំបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្រោមដីទុកជាមុន ឬពុំបានរៀបចំឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ឬបានរៀបចំដែរ ប៉ុន្តែមិនបានល្អ។
    ៣.បុរីមួយចំនួនបានផ្តល់សិទ្ធិផ្តាច់មុខសម្រាប់តែប្រតិបត្តិករមួយ ដែលពុំទទួលខុសត្រូវក្នុងការផ្តល់សេវាឱ្យបានល្អ ដោយសមត្ថភាពនៃការផ្គត់ផ្គង់សេវាមិនសមាមាត្រនឹងចំនួនប្រជាជននៅក្នុងបុរី ឧទាហរណ៍ បណ្តាញខ្សែកាបអុបទិកដែលមានចំណុះសមត្ថភាពផ្គត់ផ្គង់ ១០០ គ្រួសារ ប៉ុន្តែបែរជាត្រូវផ្គត់ផ្គង់រហូតដល់ ៣០០-៥០០ គ្រួសារ។
    ៤.ជាទូទៅ សេវាទូរសព្ទចល័តមានគ្របដណ្តប់នៅលំហខាងក្រៅ ប៉ុន្តែក្នុងអគារឬលំនៅដ្ឋាន ដែលមានបន្ទប់ឬជញ្ជាំងច្រើន សេវាមិនអាចចូលទៅដល់។ នៅក្នុងបុរី មានការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) យ៉ាងច្រើន។

    ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក.ប.ទ. បានដាក់ចេញវិធានការ ដូចខាងក្រោម៖
    ១.ចាត់តាំងក្រុមការងារចំនួន ៥ តំបន់នៅទូទាំងប្រទេស ដោយតំបន់នីមួយៗទទួលបន្ទុក ៤-៥ ខេត្ត ដើម្បីចុះពិនិត្យ ស្រង់ទិន្នន័យ និងរាប់ចំនួនស្ថានីយអង់តែន ដែលប្រតិបត្តិករពុំដែលផ្តល់ជូន ទោះបីជា ក.ប.ទ. បានស្នើសុំយ៉ាងណាក៏ដោយ។ ជាលទ្ធផល ក.ប.ទ. កំណត់បានទីតាំងនៃគ្រប់ស្ថានីយអង់តែន ការបំពាក់គ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យាដែលបានប្រើប្រាស់។ ជំហានបន្ទាប់ ក.ប.ទ. នឹងជំរុញការផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងការសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីបង្កើនគុណភាពសេវា។
    ២.ចាត់តាំងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។
    ៣.បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test) ចំនួន ៥ គ្រឿង សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអសេវា ឬវិនិយោគបន្ថែម។
    ៤.ដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ MPTC Speed Test សម្រាប់អ្នកប្រើប្រាស់អាចវាស់ល្បឿនសេវាទូរសព្ទនិងសេវាអ៊ីនធឺណិតដោយខ្លួនឯង និងមានសិទ្ធិប្តឹងមក ន.ទ.ក. ដើម្បីដោះស្រាយ។
    ៥. “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” នឹងត្រូវដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ ដើម្បីដាក់កាតព្វកិច្ចលើប្រតិបត្តិករឱ្យពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក្នុងគោលដៅការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់។

    ទន្ទឹមនឹងនេះ ក.ប.ទ. សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) ពីព្រោះឧបករណ៍ទាំងនេះកំពុងឆ្លងរំខាន និងប៉ះពាល់គុណភាពសេវា។ បន្ថែមលើនេះទៀត ក.ប.ទ. ក៏សំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពី ន.ទ.ក. ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
    ក.ប.ទ. ប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្មនិងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក.ប.ទ. សង្ឃឹមជឿជាក់យ៉ាងមុតមាំលើការចូលរួមសហការពីប្រតិបត្តិករទូរគមនាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីធ្វើឱ្យសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិតបានល្អប្រសើរឡើង។

    អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមសហការ៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post: