អគ្គនាយកដ្ឋានគយ នឹងបន្តចាត់វិធានការតឹងរឹងបន្ថែមទៀតក្នុងការទប់ស្កាត់ការនាំ ចូលរថយន្តគ្មានពន្ធនិងរថយន្តចង្កូតស្តាំ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតឹងរឹងបន្ថែមទៀត ក្នុងការទប់ស្កាត់ការនាំចូលរថយន្តគ្មានពន្ធនិងរថយន្តចង្កូតស្តាំ ជាពិសេសនឹងបន្ថែមកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើសកម្មភាពទប់ស្កាត់ឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ មន្ត្រីទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការបន្ថែម នៅតាមច្រកព្រំដែន កម្ពុជា ថៃ ព្រោះរថយន្តចង្កូតស្តាំភាគច្រើនលើសលប់បំផុតស្ទើរតែទាំងអស់នោះ គឺជារថយន្តដែលរត់ពន្ធមកពីប្រទេសថៃ ដែលជាប្រទេសដែលប្រើរថយន្តចង្កូតស្តាំ តាមច្រករបៀងតាមច្រកព្រំ ដែននានា ដែលលាតសន្ធឹងយ៉ាងវែង ហើយមានច្រកមួយចំនួនហៅថា ច្រករបៀង ច្រកមិនផ្លូវការ ដែលឈ្មួញខិលខូច លួចនាំរថយន្តខុសច្បាប់ចូល ដែលនេះត្រូវមានការគិតគូរ និងមានវិធានការបន្ថែម នៅក្នុងពេលជាលក្ខណៈបន្ទាន់ និងចំពោះមុខទៀត ។
ឯកឧត្តមបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះនៅតែមានជនខិលខូច រត់ពន្ធនិងគេចវេះពន្ធ ដោយយកមកលក់នៅលើទីផ្សារតាមមធ្យោបាយផ្សេងៗ ដូចជា បន្លំឬបង្កប់នៅក្នុងកុងតឺន័រ រថយន្តរត់ពន្ធឆ្លងដែន ដូច្នេះ ហើយអគ្គនាយកដ្ឋានគយត្រូវមានវិធានការតឹងរ៉ឹងនៅក្នុងប្រទេសបន្ថែមទៀត ដោយនឹងបន្តចាត់វិធានការបន្ថែមទៀត ក្នុងការទប់ស្កាត់កុំឱ្យមានរថយន្តរត់ពន្ធចូលមកក្នុងប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនិងសេដ្ឋកិច្ចជាតិទាំងមូល ។
« ហើយយើងនឹងពង្រឹងចាត់វិធានការតឹងតែង ក្នុងការទប់ស្កាត់កុំឱ្យរថយន្តអត់ពន្ធចូលមកក្នុងប្រទេស ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តផង ពីព្រោះអ្នកនាំចូលរថយន្តត្រឹមត្រូវនោះពិតជាមិនសប្បាយចិត្តនៅពេលដែល មានអ្នកដែលគេចពន្ធលើរថយន្តមកលក់ទេ អ៊ីចឹងហើយ គឺយើងត្រូវធ្វើយ៉ាងណាឱ្យមានតម្លាភាព សមធម៌ ក្នុងការអនុវត្តអាជីវកម្ម ទីមួយ រក្សាចំណូលជាតិ ទីពីរ គឺបង្កើតជាបរិយាកាសប្រកួតប្រជែងដោយស្មើភាពគ្នាដូចវិស័យផ្សេងៗ អ៊ីចឹងវិស័យយានយន្តគឺត្រូវបង់ពន្ធកាតព្វកិច្ចទាំងអស់គ្នា »។
ឯកឧត្តមបណ្ឌិត ក៏បានចេញសេចក្តីណែនាំ ដល់មន្ត្រីគយ ជាពិសសការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ឱ្យយកចិត្តទុកដាក់ឃ្លាំមើល សង្កេតមើល ដាក់កម្លាំង ដើម្បីទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំថ្មីៗផងដែរ ។ ឯកឧត្តមបណ្ឌិត គុណ ញឹម បានទទូចដូចជាសំណូមពរ ដល់ម្ចាស់យានយន្តទាំងនោះ ឱ្យឆាប់រួសរាន់ចូលមកបង់ពន្ធអាករ ឬប្រកាសថាខ្លួនជាម្ចាស់កម្មសិទ្ធិរថយន្តចង្កូតស្តាំ ឱ្យបានមុនពេលឱសានវាទចុងក្រោយ ដើម្បីកំណត់ថា កម្ពុជាលែងមានការរត់ពន្ធដោយខុសច្បាប់ ចំពោះរថយន្តចង្កូតស្តាំមកកម្ពុជាជាបន្តទៀត ៕




ប្រភព៖ ក្រសួងព័ត៌មាន