ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! យកឡានទៅទុកឲ្យជាងធ្វើ បែរជាជាងលួចយកទៅលក់បាត់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់

    BY Khmernote Media July 11, 2022
    ហួសចិត្ត! យកឡានទៅទុកឲ្យជាងធ្វើ បែរជាជាងលួចយកទៅលក់បាត់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនត្រូវចោទចំនួន ០៥នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី លួចរថយន្ត និងទទួលផលចោរកម្ម៖

    ០១ . ជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ(លួច)
    ០២. ជនសង្ស័យឈ្មោះ ប៉ូលី សានសាន់ ភេទប្រុស ៣១ឆ្នាំ(ទទួលផល)
    ០៣ . ជនសង្ស័យឈ្មោះ ណោ ឈាងបួយ ភេទប្រុស ៣៤ឆ្នាំ(ទទួលផល)
    ០៤. ជនសង្ស័យឈ្មោះ ផន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ(ទទួលផល)
    ០៥. ជនសង្ស័យឈ្មោះ ផន កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ(ទទួលផល) ពីបទលួច(រថយន្ត) និងទទួលផលចោរកម្ម។

    លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រៃវែង និងកំពង់ចាម រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់។

    លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឆេម សុគង់ ភេទ ប្រុស ករណី បាត់ឡាន(យកឡានទៅទុកឲ្យធ្វើ ហើយជាងលួចយកទៅបាត់) នៅចំណុចយានដ្ឋាន ភី អ វ៉ាយ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

    ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាម ធ្វើការនាំខ្លួនមនុស្សចំនួន០៥នាក់ យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច៖

    ជនសង្ស័យទី០១.ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម បានរៀបរាប់ថា រូបគេជាជាងឡាន ផ្នែកភ្លើង ហើយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់យាដ្ឋាន ភី អ វ៉ាយ បានទាក់ទងអោយរូបគេមកធ្វើការនៅយានដ្ឋាននៅសៀមរាប លុះធ្វើការដល់ថ្ងៃទី០៣ ខែឆ្នាំ ដដែល រូបគាត់បានធ្វើសកម្មភាព បើកឡាន ០១គ្រឿង ម៉ាក FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វើ ចេញពីយានដ្ឋានយកទៅលក់។ បន្ទាប់ពីយកឡានបានភ្លាមៗរូបគេបានទាក់ទងទៅឈ្មោះ សាន់ ភេទ ប្រុស ប្រាប់ថា មានឡាន០១គ្រឿងគ្មានពន្ធនាំចូល កែចង្កូតពីស្តាំទៅឆ្វេង ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ ជួយរកអ្នកទិញផង។

    ក្រោយមកឈ្មោះ សាន់ ក៏បាននាំមនុស្សម្នាក់ឈ្មោះ បួយ ហៅថា តឿ មកមើលឡាន។ ក្រោយពីមើលហើយឈ្មោះ បួយ ហៅ តឿ ក៏យកឡានទៅដោយប្រាប់ថា យកទៅឲ្យអ្នកទិញមើល ហើយបន្ទាប់មកឈ្មោះ តឿ ក៏ត្រឡប់មកវិញ ជាមួយប្រាក់ថ្លៃឡានចំនួន៤០០០ដុល្លារ ប្រគល់ឲ្យគេ។

    ជនសង្ស័យទី០២.ឈ្មោះ ប៉ូលី សានសាន់ ភេទ ប្រុស អាយុ ៣១ឆ្នាំ ទីលំនៅ ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម បានរៀបរាប់ថា: កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ ភ័ក្រ ភេទប្រុស បានទាក់ទងរូបគេប្រាប់ថា មានគេចង់លក់ឡាន ០១គ្រឿង ម៉ាកFORD កែចង្កូតពីស្តាំ ទៅឆ្វេង គ្មានពន្ធនាំចូល ។ ពេលនោះជនសង្ស័យទី ២ បានប្រាប់ទៅវិញថា អញ្ចឹង ០២ថ្ងៃទៀតយកឡានមកចាំឲ្យឈ្មោះ បួយ រកម៉ូយទិញ។ លុះដល់ថ្ងៃទី០៣ ខែឆ្នាំដដែលឈ្មោះ ភ័ក្រ បានយកឡានមកជួបរូបគាត់ និងឈ្មោះបួយ ហើយឈ្មោះ បួយ បានជិះឡាននោះយកទៅលក់ មួយសន្ទុះឈ្មោះ បួយ បានយកប្រាក់មកប្រគល់អោយឈ្មោះសុភ័ក្រ ។ ហើយរូបគាត់ទទួលបានប្រាក់២៥០ដុល្លាដែលបានជួយរកម៉ូយទិញឡាន។

    ជនសង្ស័យទី០៣.ឈ្មោះ ណោ ឈាងបួយ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម បានឲ្យដឹងថា៖ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ សាន់បានប្រាប់ថាមានគេចង់លក់ឡាន០១គ្រឿង អត់ពន្ធ កែចង្កូតពីស្តាំ ទៅឆ្វេង អោយជួយរកម៉ូយទិញ ។ ពេលនោះគាត់ក៏ទាក់ទងបន្តទៅឈ្មោះ វាសនា ភេទ ប្រុស អោយរកម៉ូយជួយទិញ ។ ហើយដល់ថ្ងៃទី០៣ គាត់ក៏បានយកឡាននោះពីឈ្មោះ ភ័ក្រ និងឈ្មោះ សាន់ មកអោយឈ្មោះ វាសនា មើល ហើយ ឈ្មោះ វាសនា ក៏យកឡាននោះទៅលក់អោយម្នាក់ ទៀតដែលគាត់មិនស្គាល់។ ដោយលក់បានប្រាក់ពី ឈ្មោះ វាសនា តម្លៃ៦០០០ តែបានប្រាប់ និងប្រគល់ប្រាក់ ទៅឈ្មោះ ភ័ក្រ ថាឡានលក់បានតម្លៃ៤០០០ដុល្លារ ប្រាក់នៅសល់បានចែកគ្នាជាមួយឈ្មោះ សាន់ ។

    ជនសង្ស័យទី០៤ .ឈ្មោះ ផន កក្កដា ភេទ ប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា ឈ្មោះ បួយ ពិតជាបានទាក់ទងឲ្យជួយរកម៉ូយទិញឡានអត់ពន្ធ ប្តូរចង្កូតពីស្តាំ ទៅឆ្វេង ពិតមែន ។ ហើយជាក់ស្តែងនៅថ្ងៃទី០៣ គាត់បានយកឡានពីឈ្មោះបួយ នោះទៅលក់អោយឈ្មោះ ឡាំ ហេន ភេទ ប្រុស.បានប្រាក់ចំនួន៦៧០០ដុល្លា ហើយប្រាប់ឈ្មោះបួយ ថាលក់ បានតែ៦០០០ដុល្លា។ សល់ប៉ុន្មានជាប្រាក់ដែលគាត់ចំណេញ ។

    ជនសង្ស័យទី០៥ .ឈ្មោះ ផន វាសនា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ប្អូនប្រុសរបស់គាត់ឈ្មោះផន កក្កដា ភេទប្រុស បានឲ្យគាត់ជូនទៅយកឡានអោយគេមើល ហើយពេលទៅដល់ឃើញប្អូនរបស់គាត់និយាយ ក្រោយមកក៏មានគេបាញ់លុយចូលកុងរបស់ខ្ញុំចំនួន ៦៧០០ដុល្លារ ហើយបន្ទាប់គាត់បានបាញ់ប្រាក់នោះបន្តទៅឈ្មោះ បួយ ចំនួន៦០០០ដុល្លារ។

    ចំពោះអ្នកទិញឈ្មោះ ឡាំ ហេន ភេទប្រុស អាយុ ៤២ឆ្នាំ។ ទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌទួកគោល រាជធានីភ្នំពេញ បានគេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ។ ចំពោះវត្ថុតាង រថយន្ត សមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យជាអ្នកទិញ ទើបជនសង្ស័យដឹងខ្លួន ហើយយកទៅផ្លុងចោល នៅម្តុំការ៉ាស់សាំង កាល់តិច នៅក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយគេចខ្លួនបាត់។ ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចក៏បានធ្វើការប្រគល់ជូនម្ចាស់រថយន្តវិញហើយ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police

    Share This Post: