កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលើកំពូលតារាងនៃសន្ទស្សន៍ ស្តីពីការងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ Asia Nikkei កាលពីពេលថ្មីៗនេះ។

ប្រភពដដែលបានបន្តទៀតថា កម្ពុជាបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១ នៅក្នុងខែមិថុនា បន្ទាប់ពីស្ថិតនៅលេខ២ និងលេខ៣ តាំងពីខែមីនាមក។
ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្ទុះឡើងម្តងទៀត នៃគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩នេះ ហើយបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ។
ជាមួយគ្នានេះ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងសន្ទស្សន៍។ នេះបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍ទាំងពីរកំពុងដំណើរការយ៉ាងល្អក្នុងការវិលទៅរកប្រក្រតីភាពថ្មីនៅក្នុងសង្គមវិញ៕ ប្រភព៖ ក្រសួងព័ត៌មាន
