លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា កម្ពុជារកឃើញអូមីក្រុងបំប្លែងថ្មីប្រភេទ BA4 និងBA5 ដែលមានលទ្ធភាពឆ្លងលឿន
រាជធានីភ្នំពេញ៖ យោងតាមការសម្ភាសន៍ផ្ទាល់របស់ BTV News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញ នូវវត្តមានវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី ប្រភេទ BA4 និងBA5 មានលទ្ធភាពឆ្លងលឿន និងអាចជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បន្ទាប់ពីរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ។

យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា អូមីក្រុងបំប្លែងថ្មីនេះ តាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា គឺមានការឆ្លងលឿនបំផុត ដោយអូមីក្រុងប្រភេទនេះ អាចធ្វើឲ្យអ្នកជំងឺឈានទៅរកសភាធ្ងន់ធ្ងរ ប្រសិនបើគ្មានវ៉ាក់សាំងការពារខ្លួន និងប្រសិនបើមិនអនុវត្តតាមនីតិវិធីព្យាបាល ព្រមទាំងការការពារឱ្យបានត្រឹមត្រូវ ក្រោមហេតុផលទាំងនេះ ទើបទាមទារឱ្យចាក់វ៉ាក់សាំងដូសជំរុញ ក្នុងគម្លាតរយៈពេល ៣ខែ។ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ ” ពពួកអូមីក្រុងបំប្លែងខ្លួនថ្មី នាពេលបច្ចុប្បន្ននេះ ជាពិសេសពពួកBA4 និងBA5 ដែលតាមការបង្ហាញរបស់អ្នកវិទ្យាសាស្ត្រកន្លងមកនេះ បានបញ្ជាក់ថា វាមានលទ្ធភាពក្នុងការចម្លងលឿនជាងអូមីក្រុងមុនៗ ហើយលើសពីនេះទៅទៀត វាមានលទ្ធភាពមួយក្នុងការបញ្ចៀតខ្លួនរបស់វានេះ ចូលទៅក្នុងប្រព័ន្ធការពារ សរីរាង្គកាយរបស់មនុស្ស ដែលធ្វើឲ្យភាពស៊ាំបុគ្គលនេះ ឆាប់ធ្លាក់ចុះខ្សោយ ដូច្នេះហើយបានជា WHO ណែនាំឲ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងត្រូវមានគម្លាតចាប់ពី ៣ខែទៅ”។
លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ផងដែរថា ” ខ្ញុំសូមអំពាវនាវ ឱ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ ដូសទី៣ ដូសទី៤ ដូសទី៥ ឱ្យបានគ្រប់គ្នា ដើម្បីរួមចំណែកទប់ស្កាត់ការរាលត្បាតកូវីដ-១៩ ឡើងវិញ ” ៕

ប្រភព៖ BTV News