សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងលិខិតរំលែកទុក្ខផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការធ្វើឃាតទាំងកណ្តាលថ្ងៃ។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅ ជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនជប៉ុន នៅក្នុងកាលៈទេសៈដ៏សោកសង្រេងនេះ។
ឯកឧត្តម អា បេ ស៊ីនហ្សូ ជារដ្ឋបុរសជប៉ុនលេចធ្លោមួយរូប ដែលត្រូវបានគេទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ក្នុងនាមជាមិត្តល្អយូរលង់របស់ខ្ញុំ និងកម្ពុជា ឯកឧត្តម អាបេ ស៊ីនហ្សូ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយខ្ញុំ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ក្នុងនោះរួមទាំងការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។ ឯកឧត្ដម អាបេ ស៊ីនហ្សូ នឹងនៅតែទទួលបានការនឹករលឹកយ៉ាងខ្លាំង ហើយស្នាដៃរបស់គាត់ ក៏នឹងត្រូវបានចងចាំជារៀងដរាប»។


