ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ

    BY Khmernote Media July 12, 2022
    ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យការពារការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការការពារការចម្លងវីរុសកូវីដ-១៩។

    ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។

    ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើង នូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ចៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។

    លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយទទូច និងសូមក្រើនរំលឹកដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័នពាក់ព័ន្ធ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ សូមរួមសាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ សំដៅការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ៕

    សូមអានសេចក្ដីណែនាំលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

    Share This Post: