ក្រសួងសាធារណការ សម្រេចបិទមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រោយកើតគ្រោះថ្នាក់យ៉ាងញឹកញាប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការហាមមិនអនុញ្ញាតឱ្យធ្វើចរាចរយានយន្តគ្រប់ប្រភេទ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងសាធារណជន និងប្រជាពលរដ្ឋទាំងមេត្តាជ្រាបថា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) បាន និងកំពុងដំណើរការសាងសង់មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។ បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យគ្រោះថ្នាក់ជាញឹកញាប់។
ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួង បានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT