ព័ត៌មានជាតិ

ឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងផ្លាកលេខពិសេសរាជធានី-ខេត្ត ទទួលបានចំណូលថវិកាជាង ១០លានដុល្លារ

BY
srey nuch
July 13, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថៃ្ងចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួង។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល រដ្ឋប្រកបដោយភាពសម្បូរបែប ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋន្ត្រី ស៊ុន ចាន់ថុល។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំបានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាផ្ដល់មតិយោបល់ ក៏ដូចជាធាតុចូលលើការជ្រើសរើសប្រធានបទសម្រាប់កម្មវិធី MPWT Live Show ដើម្បីផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងអំពីលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) និង លេខពិសេសចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ដែលកម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាពេលខាងមុខ។

នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន ១៩ ៧៦៦ លេខ ទទួលបានចំណូលថវិកាប្រមាណ ៤០ ៦៤១ ១៨៧ ៤០០ រៀល កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងនោះ៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានចំណូលថវិកាប្រមាណ ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨% និងផ្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានចំណូលថវិកាប្រមាណ ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២% ប្រៀបធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT​

Share This Post: