ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន អបអរសាទកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានគ្រងមេដាយមាសព្រឹត្តិការណ៍ World Games ២០២២ នៅសហរដ្ឋអាមេរិក

    BY Khmernote Media July 13, 2022
    សម្ដេចតេជោ ហ៊ុន សែន អបអរសាទកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានគ្រងមេដាយមាសព្រឹត្តិការណ៍ World Games ២០២២ នៅសហរដ្ឋអាមេរិក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទ ចំពោះកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានគ្រងមេដាយមាសព្រឹត្តិការណ៍ នៃការប្រកួតកីឡាពិភពលោក The World Games ២០២២ នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។

    នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរ កីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាម៉េរិក គ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022។

    សម្ដេចតេជោបន្តថា កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាម៉េរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។

    សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ គឺមានកីឡាការិនី ៨ប្រទេសចូលរួម គឺមានកីឡាការិនីកម្ពុជា កាណាដា សហរដ្ឋអាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្ស៊ិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

    រីឯកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូបមានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ហើយវីរកីឡាការិនីម្ចាស់មេដាយ មាសពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូប នេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាម៉េរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

    សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាម៉េរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: