អនុវត្តន៍តាម អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោល
នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសេចក្តីប្រកាសព័ត៌មាន ស្តីពី ការសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។ ការដាក់ចេញនូវផែនការអនុវត្តន៍សាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោលនេះដែរ ក្រោយមានការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ ហើយក្នុងនោះសម្តេចតេជោ ក៏បានលើកយកនូវបញ្ហាសេវាទូរស័ព្ទ និងអ៉ីនធើណែត ដែលត្រូវតែពង្រឹងបន្ថែមក្នុងការ លើកកម្ពស់ទេសចរណ៍ផ្ទៃក្នុង៕

