ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ណែនាំឱ្យបណ្ដាខេត្តជាប់ព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ វៀតណាម អនុវត្តវិធានការសុខាភិបាល សម្រាប់អ្នកដំណើរ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

    BY Khmernote Media July 15, 2022
    ក្រសួងសុខាភិបាល ណែនាំឱ្យបណ្ដាខេត្តជាប់ព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ វៀតណាម អនុវត្តវិធានការសុខាភិបាល សម្រាប់អ្នកដំណើរ មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញជូនដំណឹង ស្ដីពីវិធានការសុខាភិបាលសម្រាប់អ្នកដំណើរប្រជាជន ឬពលករខ្មែរ- ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ។

    ក្រោយពីមានការកែសម្រួលលក្ខខណ្ឌមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនត្រូវបានបិទដំណើរការ ដូច្នេះ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។

    ក្នុងករណីទទួលលទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តនូវលក្ខខណ្ឌដូចខាងក្រោម៖

    ១៖ ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាពនិងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាព ឲ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

    ២៖ ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាលត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: