រាជរដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធលើអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប រយៈពេល ៣ខែទៀត ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចេញប្រកាសព័ត៌មាន ស្ដីពី សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។

រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖
ទី១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២២។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ»។
ទី២.បន្តផ្ដល់ការសម្របសម្រួល តាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍ផងដែរ។
ទី៣.ជំរុញឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញ ជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាព ស្នើសុំការគាំទ្រហិរញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំ នូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់ ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឲ្យត្រឡប់ទៅកំណើនសក្ដានុពល និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕

