ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជា យុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ

    BY Khmernote Media July 19, 2022
    លោកជា យុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជា យុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីឲ្យកូនខ្មែរបានយល់ដឹងនិងចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។

    លោកជា យុទ្ធា មានវ័យ ៦៧ឆ្នាំ ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដើម្បីរក្សាឲ្យបាននូវជំនាញចម្លាក់ស្ពាន់ បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោកបានបន្តថា សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមានផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា ភាពអត់ធ្មត់ ការសម្រិតសម្រាំង ដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកគឺល្អប្រណិត។

    លោកបន្ថែមថា សម្រាប់វត្ថុធាតុដើមធ្វើចម្លាក់នេះគឺបានទិញនៅក្នុងស្រុក ហើយចម្លាក់ស្ពាន់មានបែង ចែកជាពីរប្រភេទ គឺស្ពាន់លឿង និងស្ពាន់ក្រហម សម្រាប់ការចម្លាក់ស្ពាន់បុរាណមួយៗ គឺត្រូវប្រើរយៈពេលពីកន្លះខែ ទៅ ៣ខែតាមទំហំដែលភ្ញៀវបានកម្ម៉ង់។ លោកបានអំពាវនាវ ទៅដល់ជាងចម្លាក់ស្ពាន់បុរាណទាំង អស់ព្យាយាមសិក្សារៀនសូត្រឲ្យបានច្បាស់លាស់ពីក្បូរក្បាច់រចនាចម្លាក់ស្ពាន់បុរាណត្រូវតាមរចនាបថរូបភាពផ្សេងដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ និងអត្តសញ្ញាញជាតិ។

    ក្នុងនោះដែលលោក បានបន្តថា សម្រាប់សិស្ស និស្សិតដែលចង់សិក្សារៀន សូត្រពីបច្ចេកទេសជំនាញចម្លាក់ស្ពាន់អាចមកសិក្សារៀនសូត្របានដោយផ្ទាល់ជាមួយលោក។ (ខ្ញុំសូមផ្ដាំផ្ញើទៅដល់កូនខ្មែរយើងដែលធ្វើជាងទងដូចគ្នា គ្រប់ជាងទាំងអស់ ជាងផ្នែកប្រាក់ស្ពាន់ ចម្លាក់ប្រាក់ស្ពាន់ ឈើគេមានហើយ ឈើគេរៀនឆាប់ចេះណាស់ប៉ុន្តែសម្រាប់ចម្លាក់ស្ពាន់កម្ររៀនចេះណាស់ដោយសារមានក្បូរក្បាច់អង្គរច្រើន ចឹងខ្ញុំសូមផ្ដាំឲ្យកូនចៅខំមើលខំរៀន បន្តទៅទៀតដើម្បីស្វែងយល់ចំណេះទាំងអស់នេះកុំឲ្យបាត់បង់ នៅក្នុងប្រទេសយើង ចឹងបានខ្ញុំផ្ដាំទៅជាងចម្លាក់ប្រាក់ស្ពាន់ទាំងអស់ ឲ្យខំធ្វើឲ្យបាន)។

    សូមបញ្ជាក់ថា លោក ជា យុទ្ធា បានសិក្សារៀនសូត្រនិងធ្វើចម្លាក់ស្ពាន់តាំងពីឆ្នាំ១៩៦៧ ដែលមានទីតាំងស្ថិតនៅ ភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល និងមានធ្វើចម្លាក់ស្ពាន់ដូចជា ផ្តិល ដាវ ព្រះខ័ន កាទឹក និងវត្ថុផ្សេងៗទៀត ដែលមានតម្លៃចាប់ពី ៦០ដុល្លារឡើងទៅ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: