ព័ត៌មានជាតិ

មហាវិថីឈ្នះឈ្នះត្រៀមជួសជុលកែលម្អឱ្យបានស្អាតឡើងវិញនៅមុនការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣

BY
srey nuch
July 20, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូ ម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍និងលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២០ ខែកក្កដាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវ តែជួសជុលឡើងវិញឱ្យស្អាត ជាមួយនឹងការរៀបចិញ្ចើមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើឱ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមអភិបាលបានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភ័ណភាព និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ជាមួយនឹងការដាក់លូ ដែលអាចឱ្យទឹកហូរ មិនមានដក់លើផ្លូវ។ លោក សាំ ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើង វិញនេះ មានប្រវែង ៧៣៤០ ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦Aរហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែករួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនឹងការងារគូសគំនូសសញ្ញាចរាចរណ៍, ដំឡើងផ្លាកសញ្ញាចរាចរណ៍, តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវនិងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជាបាននិងកំពុងធ្វើដំណើរឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម)លើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ពហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។ ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: